កាសែតញូវយ៉កថែមស៍ នឹងប្ដូរការិយាល័យខ្លួននៅទីក្រុងហុងកុង ទៅកាន់ទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង បន្ទាប់ពីប្រទេសចិនចេញច្បាប់សន្ដិសុខឱ្យទីក្រុងនេះ
កាសែតញូវយ៉កថែមស៍ (New York Times) និយាយថា ខ្លួននឹងប្តូរទីតាំងប្រតិបត្តិការព័ត៌មានឌីជីថលរបស់ខ្លួន ដែលមានមូលដ្ឋាននៅហុងកុងទៅកាន់រដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង ដោយលើកឡើងពីការព្រួយបារម្ភអំពីច្បាប់សន្តិសុខជាតិ ដែលប្រទេសចិនបានអនុម័តនសម្រាប់ទីក្រុងហុងកុងកាលពីចុងខែមិថុនា។ កាសែតអាមេរិកមួយនេះបានបង្ហាញផែនការខ្លួននៅក្នុងអត្ថបទតាមអ៉ីនធឺណែតកាលពីថ្ងៃអង្គារ ដោយអ្នកនិពន្ធនិងនាយកប្រតិបត្តិរបស់កាសែតនេះនិយាយថា ច្បាប់ថ្មីរបស់ចិនបានបង្កើតនូវភាពមិនប្រាកដប្រជាជាច្រើន ហើយច្បាប់នេះនឹងប៉ះពាល់ដល់ប្រតិបត្តិការ និងសារព័ត៌មានរបស់ពួកគេ។

កាសែត NYT បានបន្ថែមថា៖ «យើងមានអារម្មណ៍ថាវាជាជម្រើសត្រឹមត្រូវក្នុងការបង្កើតផែនការយថាភាព និងចាប់ផ្តើមធ្វើឱ្យមានភាពចម្រុះសម្រាប់បុគ្គលិករបស់យើងនៅជុំវិញតំបន់»។ កាសែតញូវយ៉កថែមស៍បាននិយាយថា ខ្លួនក៏បានចាត់ទុកទីក្រុងតូក្យូ បាងកក និងសាំងហ្គាពួរ ជាទីតាំងសមរម្យសម្រាប់ក្រុមព័ត៌មានឌីជីថលរបស់ខ្លួននៅខាងក្រៅហុងកុងផងដែរ។ ប៉ុន្តែវាបាននិយាយថា ខ្លួនបានជ្រើសរើសទីក្រុងសេអ៊ូល ដោយសារតែវាមានភាពស្វាគមន៍ចំពោះពាណិជ្ជកម្មបរទេស សារព័ត៌មានឯករាជ្យ និងតួនាទីកណ្តាលរបស់ខ្លួននៅក្នុងរឿងរ៉ាវព័ត៌មានសំខាន់ៗជាច្រើននៅអាស៊ី។
គួរឱ្យដឹងដែរថា ច្បាប់ថ្មីសម្រាប់ហុងកុងអនុវត្តទាំងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងបរទេស ដោយវាអនុញ្ញាតឱ្យអាជ្ញាធរចិនទាមទារឱ្យប្រព័ន្ធផ្សព្វផ្សាយលុបព័ត៌មាន ឬបញ្ជូនឯកសារ ប្រសិនបើអាជ្ញាធរវិនិច្ឆ័យរបាយការណ៍ថា ជាការបង្កគ្រោះថ្នាក់ដល់សន្តិសុខរបស់ប្រទេស៕


អត្ថបទ៖ លីដា
ប្រភព៖ NHK