លោកគ្រូនៅម៉ាឡេស៊ីម្នាក់ធ្លាក់ពីលើអគារស្លាប់ភ្លាមៗ ខណៈដែលគាត់ព្យាយាមឡើងទៅជួសជុលទុយោទឹក និងធុងទឹកនៅលើអគារសាលារៀន មុនការត្រឡប់ចូលរៀនវិញរបស់សិស្សនៅថ្ងៃបន្ទាប់
ម៉ាឡេស៊ី៖ បន្ទាប់ពីវិបត្តិនៃជំងឺ COVID-19 បានធូរស្រាលបន្តិចប្រទេសជាច្រើនបានសម្រេចឲ្យសាលារៀននៅទូទាំងប្រទេសបើកដំណើរជាធម្មតាឡើងវិញ ក្រោយសាលារៀនទាំងអស់នោះត្រូវបិទទ្វារចោលអស់រយៈពេលជាច្រើនខែ។ ដោយសារតែការបិទទ្វារចោលអស់រយៈពេលជាច្រើនខែមកនេះសាលារៀនមួយចំនួនចាំចាច់ត្រូវកែសម្រួលសម្ភារៈចាស់ៗមួយចំនួនផងដែរមុនពេលបើកដំណើរការឡើងវិញ។ ស្ថិតក្នុងស្ថានភាពនេះមានរឿងរ៉ាវអកុសលមួយបានកើតឡើងចំពោះលោកគ្រូបង្រៀនម្នាក់ ដោយគាត់បានធ្លាក់ពីលើអគារស្លាប់មុនពេលបើកសាលាវិញមួយថ្ងៃ ខណៈដែលគាត់ព្យាយាមឡើងទៅជួសជុលទុយោទឹក និងធុងទឹកនៅលើអគារសាលារៀន។

សារព័ត៌មាន worldofbuzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាលារៀនមួយកន្លែងក្នុងក្រុង Batu Gajah នៃប្រទេសម៉ាឡេស៊ី ហើយលោកគ្រូដែលជាជនរងគ្រោះមានអាយុ ៥៤ឆ្នាំ។ ប្រភពខាងលើបានបន្តថា លោកគ្រូដែលជាជនរងគ្រោះនោះគឺជាគ្រូបង្រៀនឯកទេសគណិតវិទ្យា និងបានបម្រើការងារនៅក្នុងសាលាដែលជាកន្លែងកើតហេតុនោះរយៈពេល ១៧ ឆ្នាំមកហើយ។ នៅក្នុងថ្ងៃកើតហេតុលោកគ្រូដែលជាជនរងគ្រោះ និងគ្រូបង្រៀនពីរបីនាក់ផ្សេងទៀតបានព្យាយាមកែលម្អប្រព័ន្ធទុយោទឹកនិងធុងទឹកនៅលើអគារសាលារៀនឲ្យបានល្អប្រសើរបន្តិច ដើម្បីផ្តល់ភាពងាយស្រួលដល់ប្អូនៗសិក្សានុសិស្សដែលត្រូវមកចូលរៀននៅថ្ងៃស្អែក តែជាអកុសលគាត់ក៏បានធ្លាប់ពីលើអគារជាន់ទីមួយ និងត្រូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ ការស្លាប់របស់លោកគ្រូត្រូវបានខាងសាលារៀន និងក្រុមសិក្សានុសិស្សចាត់ទុកថា គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយ ព្រោះលោកគ្រូគឺជាមនុស្សម្នាក់ដែលពោពេញដោយចំណេះដឹង និងបទពិសោធន៍ល្អៗក្នុងការបង្រៀន៕

អត្ថបទ៖ភក្តី
ប្រភព៖worldofbuzz