ប៉ាគីស្ថានសម្រេចប្តូរទីតាំងដំរីដ៏កំសត់មួយក្បាលចេញពីសួនសត្វរបស់ខ្លួនមកកាន់ដែនជម្រកសត្វព្រៃកម្ពុជា
យោងតាមការចុះផ្សាយរបស់ The National កាលពីថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា តុលាការប្រទេសប៉ាគីស្ថានបានអនុម័តលើការផ្លាស់ប្តូរទីតាំងរបស់សត្វដំរីមួយក្បាល ដែលត្រូវគេធ្វើបាបនៅឯសួនសត្វតូចមួយនៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ទៅកាន់ដែនជម្រកសត្វព្រៃដំរីមួយនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីមានយុទ្ធនាការរបស់សកម្មជនការពារសិទ្ធិសត្វ ដែលគាំទ្រដោយតារាចម្រៀងប៉ុប Cherilyn Sarkisian ដែលស្គាល់ជាទូទៅថា Cher តាំងតែពីឆ្នាំ២០១៥ មកម៉្លេះ។ ដំរីនេះត្រូវបានគេដឹងថា ឈ្មោះថា Kaavan មានអាយុ៣៣ឆ្នាំ ត្រូវបានគេដាក់ច្រវ៉ាក់ ហើយគិតតែនៅម្នាក់ឯង និងមិនព្រមឱ្យគេមើលថែនោះទេ។

រូបថតដំរី Kaavan នៅសួនសត្វ Marghazar ក្នុងទីក្រុង Islamabad
អ្នកជំនាញនិយាយថា Kaavan ត្រូវការកន្លែងធំឱ្យបាន ១៥០គីឡូម៉ែត្រក្រឡា ដើម្បីដើរលេងចុះឡើង ប៉ុន្តែសួននៅអ៊ីស្លាម៉ាបាដនោះមានទំហំតែ ២.៥គីឡូម៉ែត្រ ប៉ុណ្ណោះ។ ដូច្នេះហើយរដ្ឋមន្រ្តីសហព័ន្ធទទួលបន្ទុកការប្រែប្រួលអាកាសធាតុរបស់ប្រទេសប៉ាគីស្ថានក៏បានរៀបចំឱ្យ Kaavan មកចូលនិវត្តន៍ពីសួនសត្វនៅអ៊ីស្លាម៉ាបាដ ហើយមករកនៅជម្រកសត្វព្រៃរបស់កម្ពុជាជាមួយនឹងជីវិតដែលនៅសេសសល់ តាមរយៈគណៈគ្រប់គ្រងសត្វព្រៃអ៊ីស្លាម៉ាបាដ (Islamabad Wildlife Management Board)។ អ្នកជំនាញនឹងធ្វើទស្សនកិច្ចពីប្រទេសកម្ពុជាមកកាន់ប៉ាគីស្ថាន ដើម្បីផ្តល់យោបល់លើផែនការសម្រាប់ការធ្វើដំណើរ បន្ទាប់ពីនោះ Kaavan ត្រូវបានគេរំពឹងថា នឹងត្រូវផ្លាស់ទីដោយយន្តហោះ។
Kaavan គឺជាដំរីរបស់ប្រទេសស្រីលង្កា ដែលបានប្រគល់ឱ្យប៉ាគីស្ថានកាលពីឆ្នាំ១៩៨៥ ហើយប៉ុន្មានឆ្នាំមកនេះវាត្រូវបានគេដាក់ច្រវ៉ាក់ជាប់រហូត ដើម្បីជាសុវត្ថិភាពអ្នកមកកម្សាន្តសួន បន្ទាប់ពីដៃគូរបស់វាឈ្មោះថា Saheli បានស្លាប់កាលពីឆ្នាំ២០១២។ អ្នកជំនាញសត្វព្រៃក៏បានមើលឃើញថា Kaavan មានសញ្ញាផ្លូវអារម្មណ៍ ដែលធ្វើឱ្យវាមានភាពកាចជាងមុន។ ករណីរបស់ Kaavan បានទាញចំណាប់អារម្មណ៍ជាច្រើន បូករួមទាំងការចុះហត្ថលេខាពីមនុស្សជាង ៤០០,០០០នាក់ និងតារាច្រៀងប៉ុប Cher សុំឱ្យមានការដោះច្រវ៉ាក់ពីវាចេញ។ តុលាការប៉ាគីស្ថានបានសម្រេចឱ្យ Kaavan មានសេរីភាពកាលពីឧសភា ហើយកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះ គណៈគ្រប់គ្រងសត្វព្រៃអ៊ីស្លាម៉ាបាដក៏បានប្រជុំបន្ទាន់សម្រេចគ្នាម្ដងទៀត ហើយក៏បានរើសយកកម្ពុជា ដែលជាទីតាំងល្អបំផុតសម្រាប់ដំរីកម្សត់នេះ៕

I WISH TO THANK THE
PAKISTANI GOVERNMENT❣️— Cher (@cher) May 21, 2020



អត្ថបទ៖ លីដា
ប្រភព៖ The National