ទឹកចិត្តកូនប្រុស! បុរសម្នាក់សុខចិត្តឡើងតាមបង្អួចទៅអង្គុយមើលម្តាយដែលកំពុងព្យាបាលជំងឺកូវីដ ១៩ នៅក្នុងមន្ទីរពេទ្យរៀងរាល់ថ្ងៃរហូតដល់ថ្ងៃម្តាយស្លាប់បាត់បង់ជីវិត
ប៉ាឡេស្ទីន៖ ក្នុងអំឡុងពេលនៃការកើតមានវិបត្តិនៃជំងឺកូវីដ ១៩ នេះ សមាជិកក្នុងក្រុមគ្រួសារជាច្រើនត្រូវបង្ខំចិត្តរស់នៅឆ្ងាយពីគ្នាដើម្បីទប់ស្កាត់ការចម្លងមេរោគ ហើយប្រសិនបើមានសមាជិកណាម្នាក់បានឆ្លងនូវជំងឺមួយនេះ ពួកគាត់ត្រូវគេយកទៅដាក់ឲ្យនៅដាច់ឡែកតែម្នាក់ឯងឆ្ងាយពីគ្រួសារជាច្រើនសប្ដាហ៍ឬច្រើនខែក៏មានដែរ ដើម្បីទទួលបានការព្យាបាល។

នៅចំពោះមុខស្ថានភាពមួយនេះ មានបុរសជាកូនម្នាក់ត្រូវបានគេកត់សម្គាល់ឃើញថា គាត់បានឡើងទៅអង្គុយនៅលើបង្អួចនៃមន្ទីរពេទ្យរាល់ថ្ងៃដើម្បីទៅឃ្លាំមើលម្តាយរបស់គាត់ដែលជាអ្នកជំងឺកូវីដ ១៩ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនោះ។ បុរសរូបនេះត្រូវបានសារព័ត៌មាន worldofbuzz រាយការណ៍ថាមានឈ្មោះ Jihad Al-Suwaiti អាយុ ៣០ ឆ្នាំ ហើយរូបគាត់ជាកូនពៅនៅក្នុងគ្រួសារនិងជាកូនម្នាក់ដែលនៅស្និតស្នាលជាមួយម្តាយបំផុតមុនពេលស្រ្តីជាម្តាយត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩។
ប្រភពខាងបានបន្តថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យរដ្ឋមួយស្ថិតនៅក្នុងប្រទេសប៉ាឡេស្ទីន ខណៈស្រ្តីរងគ្រោះត្រូវសម្រាកនៅក្នុងបន្ទប់ជាន់ទី ១ នៃមន្ទីរពេទ្យដែលវាអាចផ្ដល់ភាពងាយស្រួលសម្រាប់កូនប្រុសគាត់ឡើងតាមបង្អួចទៅមើលគាត់តែម្តង។ លោក Jihad Al-Suwaiti បានឲ្យដឹងថា គាត់ដឹងថាអ្វីដែលគាត់ធ្វើនេះគឺបំពាននឹងបំរាមរបស់មន្ទីរពេទ្យ តែគាត់ពិតជាចង់ទៅមើលម្តាយរបស់គាត់ណាស់ ដូចនេះហើយទើបគាត់ចំណាយពេលជាច្រើនម៉ោងក្នុងមួយថ្ងៃដើម្បីឡើងទៅមើលឲ្យដឹងពីស្ថានភាពរបស់ម្តាយនិងឃ្លាំមើលថា តើគេបានយកចិត្តទុកដាក់មើលម្តាយរបស់គាត់យ៉ាងដែរ។ បើទោះជាយ៉ាងនេះរឿងអកុសលនៅបានកើតឡើង ដោយកាលពីថ្ងៃទី ១៦ កក្កដាកន្លងទៅនេះស្រ្តីរងគ្រោះដែលមានជំងឺមហារីកគ្រាប់ឈាមប្រចាំកាយស្រាប់ផងនោះ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ ១៩ បាត់ទៅហើយ៕


Before she died from coronavirus, the young Palestinian man Jihad al-Sweti used to climb into the hospital’s window to check up on his mother. 💔 #Palestine 🇵🇸 pic.twitter.com/uxmBIzrX5u
— Dania 🕊🇵🇸 (@Daniasalem0) July 17, 2020
អត្ថបទ៖ភក្តី
ប្រភព៖worldofbuzz