ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យ៉ាងហោចណាស់មនុស្សចំនួន ១៨៩នាក់ បានស្លាប់ និង ៤លាននាក់ ត្រូវចម្លៀសចេញដោយសារទឹកជំនន់នៅប្រទេសឥណ្ឌា និងនេប៉ាល់

    BY autoadmin July 20, 2020
    យ៉ាងហោចណាស់មនុស្សចំនួន ១៨៩នាក់ បានស្លាប់ និង ៤លាននាក់ ត្រូវចម្លៀសចេញដោយសារទឹកជំនន់នៅប្រទេសឥណ្ឌា និងនេប៉ាល់

    មន្រ្តីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សជិត ៤ លាននាក់ នៅក្នុងរដ្ឋ Assam ភាគឦសាននៃប្រទេសឥណ្ឌា និងប្រទេសនេប៉ាល់ ត្រូវបានផ្លាស់ប្តូរទីលំនៅដោយទឹកជំនន់យ៉ាងខ្លាំងពីភ្លៀងមូសុង ហើយមានមនុស្សរាប់សិបនាក់បានបាត់ខ្លួន ខណៈដែលការស្លាប់បានកើនឡើងដល់យ៉ាងហោចណាស់ ១៨៩នាក់។ ក្រុមមន្រ្តីបាននិយាយថា ទឹកទន្លេ Brahmaputra ដែលហូរកាត់តំបន់ទីបេ ឥណ្ឌា និងបង់ក្លាដែស បានធ្វើឱ្យខូចខាតដល់ដំណាំ និងបង្កឱ្យមានការរអិលបាក់ដី ដែលបណ្តាលឱ្យមនុស្សរាប់លាននាក់បាត់បង់ទីលំនៅ។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា មនុស្សជាង ២.៧៥ លាននាក់ នៅតំបន់ Assam ប្រទេសឥណ្ឌាបានផ្លាស់ទីលំនៅដោយសារទឹកជំនន់ចំនួន ៣លើក ចាប់តាំងពីចុងខែឧសភា ដែលបានឆក់យកជីវិតមនុស្ស ៧៩នាក់ បន្ទាប់ពីការស្លាប់ ២នាក់ ផ្សេងទៀតត្រូវបានរាយការណ៍ក្នុងរយៈពេលមួយយប់។

    រដ្ឋមន្រ្តីធនធានទឹករដ្ឋ Assam លោក Keshab Mahanta បានប្រាប់រ៉យទ័រថា៖ «ស្ថានភាពទឹកជំនន់នៅតែមានភាពធ្ងន់ធ្ងរ ដោយទឹកទន្លេភាគច្រើនហូរលើសពីកម្រិតសញ្ញាគ្រោះថ្នាក់»។ រដ្ឋ Assam កំពុងប្រឈមនឹងបញ្ហា២ផ្ទួនគ្នា ជាមួយនឹងទឹកជំនន់ផង និងជំងឺរាតត្បាតផង។ ក្នុងចំណោមស្រុកទាំង ៣៣ មានស្រុកចំនួន ២៥ នៅតែរងផលប៉ះពាល់ខ្លាំង បន្ទាប់ទឹកជំនន់នាពេលបច្ចុប្បន្នបានចាប់ផ្តើមតាំងតែពីមួយសប្តាហ៍មុន។ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃអាទិត្យថា ប្រទេសឥណ្ឌាកំពុងប្រឈមនឹង COVID-19 ដែលបានឆ្លងមនុស្សជិត ១.១ លាននាក់ និង ២៦,៨១៦ នាក់ បានស្លាប់ដោយសារជំងឺនេះ។

    ចំណែកនៅក្នុងប្រទេសនេប៉ាល់ដែលនៅជិតខាង រដ្ឋាភិបាលបានស្នើសុំឱ្យប្រជាជននៅតាមតំបន់ទំនាបភាគខាងត្បូងកាលពីថ្ងៃអាទិត្យ ដើម្បីឱ្យពួកគេមានការប្រុងប្រយ័ត្ននៅពេលមានភ្លៀងមូសុង ខណៈប្រទេសនេះក៏មានមនុស្សជាង ១០០នាក់ បានស្លាប់ដោយសារទឹកជំនន់ និងការបាក់ដីចាប់តាំងពីខែមិថុនា។ ប៉ូលីសបាននិយាយថាមនុស្ស ១១០នាក់ បានស្លាប់ និង ១០០នាក់ ផ្សេងទៀតរងរបួស ដោយសារការបាក់ដី និងទឹកជំនន់ ដែលធ្វើឱ្យផ្ទះសម្បែង ផ្លូវថ្នល់ និងស្ពាន និងមនុស្សរាប់រយនាក់ផ្សេងទៀតត្រូវបានផ្លាស់ទីលំនៅ នៅក្នុងស្រុកចំនួន ២៦ ក្នុងចំណោមស្រុកទាំង ៧៧ ទូទាំងប្រទេស៕

    អត្ថបទ៖ លីដា
    ប្រភព៖ Times Of India

    Share This Post: