អ្នកជំនាញម៉ាឡេស៊ីណែនាំ កុំឲ្យទាញម៉ាស់មកដាក់ត្រឹមចង្កាពេលចង់ញ៉ាំអី ព្រោះវាងាយចម្លងមេរោគពេលពាក់ម៉ាស់នោះវិញ
ម៉ាឡេស៊ី៖ ការពាក់ម៉ាស់ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការចម្លងមេរោគ និងបាក់តេរីផ្សេងៗចូលមកក្នុងខ្លួនរបស់លោកអ្នក យ៉ាងណាក្តីប្រសិនបើលោកអ្នកពាក់ម៉ាស់មិនបានត្រឹមត្រូវនោះទេ គឺវាមិនត្រឹមតែគ្មានប្រសិទ្ធភាពនោះទេតែម៉ាស់ថែមទាំងអាចក្លាយជាភ្នាក់ងារចម្លងមេរោគទៅវិញផងដែរ។ ជាក់ស្តែងបើយោងតាមលោក Datuk Dr Noor Hisham Abdullah អគ្គនាយកសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានឲ្យដឹងថា ប្រសិនបើលោកអ្នកពាក់ម៉ាស់ហើយបន្ទាប់មកទាញម៉ាស់នោះមកដាក់នៅចង្កាពេលញ៉ាំអាហារឬញ៉ាំទឹកនោះ វាគឺជាសកម្មភាពដែលងាយនឹងចម្លងមេរោគចូលទៅក្នុងខ្លួនលោកអ្នកខ្លាំងណាស់នៅពេលដែលលោកអ្នកពាក់ម៉ាស់នោះឡើងវិញម្តងទៀត។
លោក Datuk Dr Noor Hisham Abdullah
លោកអគ្គនាយករូបនេះបានបន្តពន្យល់ថា នៅពេលដែលលោកអ្នកពាក់ម៉ាស់មេរោគនិងបាក់តេរីផ្សេងៗអាចហើរមកតោងជាប់នៅត្រង់កនិងចង្ការបស់លោកអ្នក ហើយប្រសិបើលោកអ្នកទាញម៉ាស់ទំលាក់មកត្រឹមចង្កាមានន័យថា លោកអ្នកបានយកម៉ាស់មកប៉ះជាមួយនឹងមេរោគនិងបាក់តេរី ហើយនៅពេលដែលលោកអ្នកពាក់ម៉ាស់ឡើងវិញម្តងទៀត មេរោគនិងបាក់តេរីដែលជាប់នៅលើម៉ាស់ស្រាប់នោះងាយនឹងភាយចូលទៅក្នុងមាត់និងច្រមុះរបស់លោកអ្នកខ្លាំងណាស់។ ជម្រើសដ៏ល្អបំផុតគឺលោកអ្នកគួរតែប្រើប្រាស់ម៉ាស់តែម្តងបានហើយ និងបោះវាចោលតែម្តងបន្ទាប់ពីប្រើប្រាស់រួច៕

![]()
អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz