ប្រទេសអារ៉ាប់រួមបានបង្ហោះបេសកកម្មអវកាស HOPE ដោយជោគជ័យ ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន
ប្រទេសអារ៉ាប់រួមបានជោគជ័យលើការបង្ហោះបេសកកម្មអវកាសឈ្មោះថា Hope ទៅកាន់ភពអង្គារកាលពីថ្ងៃអាទិត្យ ដោយមានជំនួយពីរ៉ុកកែតរបស់ជប៉ុន ដែលនេះជាបេសកកម្មលំដាប់ពិភពលោកដំបូងរបស់អារ៉ាប់រួម និងជាលើកដំបូងក្នុងបេសកកម្មអន្តរជាតិចំនួន ៣ ទៅកាន់ភពអង្គារនៅក្នុងរដូវក្តៅនេះ។ បេសកកម្ម The Hope Probe បានចេញពីមជ្ឈមណ្ឌលអវកាស Tanegashima ក្នុងប្រទេសជប៉ុន បន្ទាប់ពីការពន្យាពេលកាលពីសប្តាហ៍មុនដោយសារអាកាសធាតុមិនល្អ។ បេសកកម្ម Hope ដែលភាសាអារ៉ាប់ហៅថា Al Amal រំពឹងថានឹងទៅដល់ភពអង្គារនៅខែកុម្ភៈ ឆ្នាំ២០២១ ហើយនឹងនៅក្នុងគន្លងរបស់វារហូតដល់ ៦៨៧ថ្ងៃ ដើម្បីប្រមូលទិន្នន័យពីភពអង្គារ។

គណនីផ្លូវការរបស់ភ្នាក់ងារ Hope Mars Mission ក៏បានបង្ហោះសារក្រោយការបាញ់បង្ហោះថា៖«វាជាកិត្តិយសណាស់ដែលបានចូលរួមជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីស្វែងរកឱ្យស៊ីជម្រៅនៅក្នុងអវកាស។ The Hope Probe គឺជាការឈានដល់ចំណុចនៃគ្រប់ជំហានទាំងអស់ដែលមនុស្សបានធ្វើក្នុងប្រវត្តិសាស្រ្ត ដើម្បីស្វែងរកឱ្យស៊ីជម្រៅនូវអ្វីដែលយើងមិនធ្លាប់ស្គាល់»។ សហរដ្ឋអាមេរិក និងចិន ក៏នឹងបំពេញបេសកកម្មខ្លួនទៅភពព្រះអង្គារនៅរដូវក្តៅនេះដែរ។ បេសកកម្ម Perseverance Rover របស់ណាសា និង Tianwen 1 របស់ចិនត្រូវបានគេរំពឹងថា នឹងបង្ហោះចេញនៅចន្លោះចុងខែកក្កដា និងដើមខែសីហា ទោះបីជាកាលបរិច្ឆេទពិតប្រាកដនឹងអាស្រ័យលើលក្ខខណ្ឌនៃការបាញ់បង្ហោះប្រចាំថ្ងៃក៏ដោយ៕





អត្ថបទ៖ លីដា
ប្រភព៖ CNN