សកម្មជនអាកាសធាតុ Greta Thunberg ទទួលបានប្រាក់រង្វាន់ ១លានអឺរ៉ូ ប៉ុន្តែនាងនឹងបរិច្ចាគប្រាក់ទាំងអស់ទៅឱ្យក្រុមអ្នកការពារបរិស្ថាន
សកម្មជនអាកាសធាតុ Greta Thunberg កាលពីថ្ងៃច័ន្ទ ទី២០ ខែកក្កដា បានទទួលរង្វាន់សម្រាប់មនុស្សជាតិពីមូលនិធិ Gulbenkian របស់ព័រទុយហ្កាល់ បូករួមជាមួយទឹកប្រាក់ ១លានអឺរ៉ូ (ជាង១លានដុល្លារអាមេរិក) ប៉ុន្តែនាងបានសន្យាផ្តល់រង្វាន់ជាទឹកប្រាក់នោះ ទៅដល់ក្រុមដែលធ្វើការដើម្បីការពារបរិស្ថាន និងបញ្ឈប់ការប្រែប្រួលអាកាសធាតុ។ នារីជំទង់ជនជាតិស៊ុយអែតរូបនេះបាននិយាយនៅក្នុងវីដេអូមួយថា៖«នោះជាលុយច្រើនជាងអ្វីដែលខ្ញុំអាចស្រមៃ ប៉ុន្តែរាល់ប្រាក់រង្វាន់នឹងត្រូវបានបរិច្ចាគតាមរយៈមូលនិធិរបស់ខ្ញុំទៅអង្គការ និងគម្រោងផ្សេងៗគ្នា ដែលកំពុងធ្វើការដើម្បីជួយប្រជាជននៅជួរមុខដែលរងផលប៉ះពាល់ដោយវិបត្តិសេដ្ឋកិច្ច និងវិបត្តិធម្មជាតិ»។

សកម្មជន Greta Thunberg នៅលើបណ្តាញសង្គម Twitter បាននិយាយថា ទឹកប្រាក់ ១០០,០០០ អឺរ៉ូ ផ្សេងទៀតនឹងចូលទៅមូលនិធិ Stop Ecocide Foundation ដើម្បីគាំទ្រដល់ការងាររបស់ពួកគេក្នុងការធ្វើឱ្យការបំផ្លាញបរិស្ថានក្លាយជាបទឧក្រិដ្ឋអន្តរជាតិ។ ប្រាក់១លានអឺរ៉ូ (១.១លានដុល្លារ) គឺជារង្វាន់ធំបំផុតដែល Greta Thunberg ធ្លាប់បានឈ្នះនៅក្នុងវ័យ ១៧ឆ្នាំ របស់នាង។ នាងបាននិយាយកាលពីថ្ងៃច័ន្ទថា នាងពិតជាមានកិត្តិយសណាស់ដែលបានទទួលរង្វាន់ប្រចាំឆ្នាំពី Gulbenkian ។ Greta Thunberg និងសកម្មជនអាកាសធាតុវ័យក្មេង ៣ នាក់ផ្សេងទៀតកាលពីថ្ងៃព្រហស្បតិ៍ ក៏បានចាប់ផ្តើមអំពាវនាវដល់មេដឹកនាំសហភាពអឺរ៉ុបឱ្យ «ប្រឈមមុខនឹងគ្រោះអាសន្នអាកាសធាតុ» នៅក្នុងលិខិតចំហមួយដែលចុះហត្ថលេខាដោយអ្នកវិទ្យាសាស្ត្រចំនួន ១៥០នាក់ និងក្រុមតារាល្បីៗជាច្រើន
៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia