ស្រ្តី២នាក់ជាប់ក្នុងជណ្ដើរយន្តអស់ ៤ថ្ងៃ ហើយគ្មានអាហារហូប បានត្រឹមផឹកទឹកនោមខ្លួនឯង ដើម្បីនៅមានជីវិត
ចិន៖ ស្រ្តីម្តាយកូន ២ នាក់ត្រូវបានគេរាយការណ៍ថា បានជាប់នៅក្នុងជណ្ដើរយន្តនៅឯផ្ទះរបស់ពួកគាត់រយៈពេល ៣ យប់និង ៤ ថ្ងៃ ដោយគ្មានអាហារញ៉ាំនិងបានត្រឹមតែផឹកទឹកនោមប៉ុណ្ណោះនៅពេលស្រេកទឹក។ បើតាមសារព័ត៌មាន shanghaiist បានចុះផ្សាយថា ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងផ្ទះវីឡាដ៏ខ្ពស់មួយស្ថិតនៅក្នុងក្រុង Xi’an ខេត្ត Shaanxi ភាគកណ្តាលនៃប្រទេសចិន។ ប្រភពខាងលើបានបន្តថា ក្នុងចំណោមស្រ្តីរងគ្រោះទាំង ២នាក់នោះគឺមានម្នាក់ជាម្តាយមានអាយុ ៨៤ ឆ្នាំ និងម្នាក់ទៀតជាកូនស្រីមានអាយុ ៦២ ឆ្នាំ ហើយហេតុការណ៍បានកើតឡើងស្របពេលសមាជិកគ្រួសារផ្សេងទៀតត្រូវដំណើរកំសាន្តនៅតាមបណ្តាខេត្តផ្សេងៗជាច្រើនថ្ងៃ។

អ្វីដែលជារឿងគាប់ជួនមួយទៀតនោះគឺក្នុងពេលជិះជណ្ដើរយន្តនោះស្រីរងគ្រោះទាំង ២នាក់មិនបានយកទូរស័ព្ទជាប់ខ្លួននោះទេ ទើបពួកគាត់មិនអាចហៅរកជំនួយបាន។ យ៉ាងណាក្តី ជណ្ដើរយោងនោះមានទ្វារ ២ ជាន់គឺទ្វារដែកបិទជិត និងមួយជាន់ទៀតគឺជារនាំងដែក ហើយក្នុងពេលជាប់នោះគេអាចបើកទ្វារដែកបិទជិតបាន និងអាចស្រូបយកខ្យល់តាមរយៈទ្វារជារនាំងដែកមួយជាន់ទៀតនោះ។ អស់រយៈពេល ៣ យប់ និង ៤ថ្ងៃ ទើបគេអាចជួយសង្គ្រោះស្រ្តីរងគ្រោះទាំង ២ នាក់បាន ហើយពួកគាត់ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែរ ព្រោះពួកគាត់មានសភាពទ្រុឌទ្រោមខ្លាំង បន្ទាប់ពីអត់អាហារជាច្រើនថ្ងៃមកនិងបានផឹកតែទឹកនោមជំនួសអាហារ៕

អត្ថបទ៖ភក្តី
ប្រភព៖shanghaiist