ហ្វីលីពីនអនុញ្ញាតឲ្យម៉ូតូ១ជិះបាន២នាក់ ប៉ុន្តែទាល់តែអ្នកទាំង២ជាប្តីប្រពន្ធ ដោយសារតែចំណុចនេះទើបប្តីប្រពន្ធមួយចំនួននាំគ្នាដាក់តាំងរូបថតរៀបការនៅមុខម៉ូតូ ដើម្បីជាការបញ្ជាក់
ជំងឺរាតត្បាតជាសកល COVID-19 នៅតែបន្ដវាយប្រហារក្នុងសន្ទុះលឿនជាងមុនទៅទៀត ទោះបីជានៅទ្វីបអឺរ៉ុបបានបង្ហាញពីការចុះថយក៏ដោយ ក៏ប៉ុន្តែកន្លែងផ្សេងៗនៅទូទាំងពិភពលោក បានបង្ហាញពីសញ្ញាផ្ទុះឡើងថ្មីៗកាន់តែច្រើនជាងពេលឆ្លងដំបូងទៅទៀត។ ឥឡូវនេះជំងឺ COVID-19 បានចម្លងដល់មនុស្សជាង ១៤.៥ លាននាក់ ខណៈមានពលរដ្ឋរហូតដល់ទៅ ៦០ម៉ឺននាក់ បានស្លាប់ពីទូទាំងពិភពលោក។

ក្នុងនោះផងដែរហ្វីលីពីនដែលជាប្រទេសមានករណីច្រើនជាងគេមួយនៅក្នុងតំបន់អាស៊ីអាគ្នេហ៍ ក៏បានដាក់វិធានការណ៍ជាច្រើនគ្រប់រូបភាព មានទាំងការដាក់មឈូសនៅតាមដងផ្លូវដើម្បីដាស់តឿនពីហានិភ័យ រហូតដល់ការរឹតត្បឹតដែលសូម្បីតែម៉ូតូក៏ត្រូវតែជិះម្នាក់ឯងដែរ។ ប៉ុន្តែយ៉ាងណាពេលនេះមានការបន្ធូរបន្ថយការរឹតត្បឹតចំពោះការជិះម៉ូតូ ដោយពលរដ្ឋអាចជិះម៉ូតូមានគ្នា២នាក់បាន ប៉ុន្តែទាល់តែអ្នកទាំង២ជាប្ដីប្រពន្ធនឹងគ្នា។
ការផ្លាស់ប្តូរនេះបានប្រកាសឡើងដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Eduardo Año ដែលអនុម័តដោយក្រុមការងារថ្នាក់ជាតិ (National Task Force) ដើម្បីបន្ធូរបន្ថយបន្ទុកសម្រាប់អ្នកដែលរស់នៅជាមួយគ្នា។ ការផ្លាស់ប្ដូរនេះមានន័យថា អ្នករួមដំណើរទាំង២នាក់ត្រូវតែមានអ្វីមកបញ្ជាក់ថាពួកគេជាប្ដីប្រពន្ធនឹងគ្នា។ បើទោះបីជាពួកគេមិនទាន់រៀបការក៏ពួកគេត្រូវតែមានប័ណ្ណសម្គាល់ណាមួយ ដែលបញ្ជាក់ថាអ្នកទាំង២នាក់រស់នៅក្នុងផ្ទះតែមួយ ហើយអ្នកទាំង២ត្រូវតែពាក់មួកសុវត្ថិភាព និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវពេលចេញក្រៅផងដែរ។ ជាក់ស្ដែងនៅពេលដែលការអនុវត្តបែបនេះបានដាក់ឡើងមក គេឃើញមានការបង្ហោះរូបភាពជាច្រើននៅក្នុងបណ្ដាញសង្គម ដែលបានបង្ហាញពីប្ដីប្រពន្ធហ្វីលីពីនខ្លះបានដាក់រូបថតរៀបការតាមខ្លួន និងខ្លះមានទាំងលិខិតបញ្ជាក់ជាដើម។ ចង់ជ្រាបច្បាស់សូមមើលរូបខាងក្រោមនេះ៖




អត្ថបទ៖ លីដា
ប្រភព៖ Inquirer