ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Rodrigo Duterte ព្រមានប្រើធម៌ក្ដៅ ចាប់ខ្លួនអ្នកដែលមិនព្រមពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ

    BY autoadmin July 21, 2020
    លោក Rodrigo Duterte ព្រមានប្រើធម៌ក្ដៅ ចាប់ខ្លួនអ្នកដែលមិនព្រមពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ

    ហ្វីលីពីន៖ ស្ថិតក្នុងស្ថានភាពដោះស្រាយជាមួយជំងឺរាតត្បាត ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានព្រមានថា លោកនឹងបញ្ជាឱ្យមានការចាប់ខ្លួន ចំពោះនរណាដែលបំពានច្បាប់ទប់ទល់នឹងការរាតត្បាតនៃជំងឺ COVID-19 ។ ការលើកឡើងនេះបានកើតឡើងនៅពេលដែលរដ្ឋាភិបាលហ្វីលីពីន កំពុងព្យាយាមបង្កើនការធ្វើតេស្តទ្វេដងបន្ថែមពីសមត្ថភាពបច្ចុប្បន្ន និងតេស្ដឱ្យបាន ១ ភាគ ១០ នៃចំនួនប្រជាជនខ្លួនក្នុងរយៈពេលតិចជាងមួយឆ្នាំ។ រហូតមកដល់ពេលនេះអាជ្ញាធរបានធ្វើការតេស្ដលើមនុស្សជាង ១លាននាក់ ខណៈរដ្ឋមន្ត្រីសុខាភិបាលរំពឹងនឹងធ្វើការតេស្ដឱ្យបាន ១០លាននាក់ នាពេលឆាប់ៗនេះ។

    លោក Rodrigo Duterte បានបង្ហាញពីចេតនាដាក់ទណ្ឌកម្មលើអ្នកណាដែលមិនព្រមពាក់ម៉ាស ដោយគាត់បាននិយាយថា គាត់មិនចង់ឱ្យមានការចាប់ខ្លួនមនុស្សទេ ប៉ុន្តែក្នុងស្ថានភាពនេះគឺវាចាំបាច់ណាស់ ហើយវាអាចជាបទឧក្រិដ្ឋធ្ងន់ធ្ងរ។ មុននេះរដ្ឋាភិបាលហ្វីលីពីនក៏បាននិយាយថា បុគ្គលិកសុខាភិបាលនិងប៉ូលីស នឹងមានអំណាចគ្រប់គ្រាន់ដើម្បីចាប់យកមនុស្សដែលមានរោគសញ្ញាស្រាល ឬគ្មានរោគសញ្ញាសោះ ចេញពីផ្ទះរបស់ពួកគេ ហើយផ្លាស់ពួកគេទៅកន្លែងដាច់ដោយឡែកបាន។

    គួរឱ្យដឹងដែរថា ហ្វីលីពីនមានករណីជំងឺ COVID-19 ច្រើនជាងគេទី២នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី បើទោះបីជាប្រទេសនេះមើលទៅតឹងរឹងជាងគេក៏ដោយ។ ករណីបានកើនឡើងខ្ពស់នេះគឺដោយសាររដ្ឋាភិបាលរបស់ពួកគេឃើញថា ចំនួនឆ្លងបានចុះថយ ហើយក៏បានបន្ធូរបន្ថយការរឹតត្បឹតកាលពីខែមុន ប៉ុន្តែជាលទ្ធផលជំងឺនៅតែវិលវល់មិនទៅណានោះទេ។ ឥឡូវនេះចំនួនអ្នកឆ្លងសរុបមានលើសពី ៧០,០០០នាក់ ហើយមានមនុស្សជាង ១,៨០០នាក់ បានស្លាប់៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: