ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និយាយថា វិបត្តិជំងឺរាតត្បាតកូវីដ១៩ នឹងកាន់តែអាក្រក់ជាមុន ទើបល្អប្រសើរវិញតាមក្រោយ
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារថា ជំងឺរាតត្បាត COVID-19 ទំនងជានឹងកាន់តែធ្ងន់ធ្ងរសិន មុនពេលវាត្រឡប់មកល្អប្រសើរឡើងវិញ។ លោក ដូណាល់ ត្រាំ បាននិយាយថា៖«តំបន់ខ្លះនៃប្រទេសរបស់យើងកំពុងដំណើរការបានល្អ តំបន់ខ្លះដំណើរការមិនសូវល្អ។ វាប្រហែលជាមិនល្អ ជាអកុសល មុនពេលវាប្រសើរឡើងវិញ។ វាជាអ្វីដែលខ្ញុំមិនចង់និយាយទេ ប៉ុន្តែនោះជាវិធីរបស់វា»។ នៅក្នុងសន្និសីទសារព័ត៌មានជាលើកដំបូងក្នុងរយៈពេលជិត ៣ខែ របស់លោកនៅសេតវិមានស្តីពីជំងឺរាតត្បាត លោកបានមានប្រសាសន៍ថា៖«យើងកំពុងស្នើសុំអ្នករាល់គ្នានៅពេលដែលអ្នកមិនអាចរក្សាគម្លាតត្រូវពាក់ម៉ាស។ មិនថាអ្នកចូលចិត្តម៉ាស់ឬអត់ទេ វាមានប្រសិទ្ធភាពទប់ទល់ការឆ្លង»។

ខណៈដែលជំងឺ COVID-19 កំពុងរីករាលដាលពាសពេញសហរដ្ឋអាមេរិក សាលារៀននានានៅក្នុងរដ្ឋជាច្រើនកំពុងតែត្រៀមបើកដំណើរការជាថ្មី។ ក្នុងនោះផងដែរគ្រូបង្រៀននៅរដ្ឋផ្លរីដា កំពុងប្តឹងអភិបាលរដ្ឋដើម្បីរារាំងបទបញ្ជាបន្ទាន់នេះ ដែលវាបានបង្ខំឱ្យសាលារៀនបើកដំណើរការឡើងវិញនៅក្នុងខែសីហា ជាមួយនឹងថ្នាក់បង្រៀនដោយផ្ទាល់នៅចំពេលដែលស្ថានភាពជំងឺមិនទាន់ធូរស្រាល។ ចំណែកនៅរដ្ឋតិចសាស់លោកអភិបាល Greg Abbott បាននិយាយថា តំបន់ Hidalgo មិនអាចបញ្ជាឱ្យប្រជាជនស្នាក់នៅផ្ទះបានទេ ហើយនិយាយថាម៉ាស់និងរក្សាគម្លាតគឺគ្រប់គ្រាន់ ដើម្បីឱ្យអាជីវកម្មបើកនៅតាមព្រំដែនសហរដ្ឋអាមេរិកជាមួយម៉ិកស៊ិកឡើងវិញបាន។ ជម្រាបដែរថា ទូទាំងអាមេរិកឥឡូវនេះមានករណីសរុបចំនួន ៤លាន ខណៈការស្លាប់បានកើនដល់ ១៤ម៉ឺននាក់ហើយ៕


អត្ថបទ៖ លីដា
ប្រភព៖ CGTN