ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នារីក្លាហានជនជាតិអាហ្វហ្គានីស្ថានម្នាក់ បានប្រើកាំភ្លើង AK-47 បាញ់សម្លាប់ពួកតាលីបង់ ២នាក់ និងបង្ករបួសជាច្រើននាក់ទៀត ដោយសារពួកគេសម្លាប់ម្ដាយឪពុករបស់នាង

    BY autoadmin July 22, 2020
    នារីក្លាហានជនជាតិអាហ្វហ្គានីស្ថានម្នាក់ បានប្រើកាំភ្លើង AK-47 បាញ់សម្លាប់ពួកតាលីបង់ ២នាក់ និងបង្ករបួសជាច្រើននាក់ទៀត ដោយសារពួកគេសម្លាប់ម្ដាយឪពុករបស់នាង

    យោងតាមការចុះផ្សាយរបស់ BBC បានឱ្យដឹងថា ក្មេងស្រីអាហ្វហ្គានីស្ថានវ័យជំទង់ម្នាក់ត្រូវបានគេសាទរនៅលើបណ្តាញសង្គមចំពោះ «វីរភាព» របស់នាង បន្ទាប់ពីនាងបានប្រយុទ្ធតបតនឹងពួកសកម្មប្រយុទ្ធតាលីបង់កាលពីសប្តាហ៍មុន ព្រោះតែពួកនោះបានសម្លាប់ឪពុកម្តាយរបស់នាង។ មន្ត្រីក្នុងខេត្ត Ghor បាននិយាយថា ក្មេងស្រីបានយកកាំភ្លើង AK-47 របស់ក្រុមគ្រួសារបាញ់សម្លាប់ពួកសកម្មប្រយុទ្ធ ២នាក់ និងធ្វើឱ្យពួកគេជាច្រើននាក់ទៀតរងរបួស។ មន្ត្រីបានបន្ថែមទៀតថា ពួកតាលីបង់បានមកដល់ផ្ទះរបស់គ្រួសារក្មេងស្រី ពីព្រោះឪពុករបស់ក្មេងស្រីនោះគឺជាអ្នកគាំទ្ររដ្ឋាភិបាល។ ក្រោយមកក្រុមសកម្មប្រយុទ្ធជាច្រើនបានចូលមកវាយប្រហារផ្ទះរបស់នាង នៅក្នុងភូមិ Griwa ប៉ុន្តែត្រូវបានក្រុមអ្នកភូមិ និងកងជីវពលគាំទ្ររដ្ឋាភិបាលចាត់ការពួកវាវិញ។

    មន្ត្រីបាននិយាយថាក្មេងស្រីទំនងមានអាយុចន្លោះពី ១៤ ទៅ ១៦ឆ្នាំ ហើយប្អូនប្រុសរបស់នាងត្រូវបានគេនាំទៅកន្លែងដែលមានសុវត្ថិភាពជាងនេះហើយ។ រូបថតរបស់ក្មេងស្រីដែលមានកាន់កាំភ្លើង AK បានល្បីល្បាញសុះសាយនៅប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈអ្នកលេងបណ្ដាញបានសាទរនឹងភាពក្លាហានរបស់នាង។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា Ghor គឺជាខេត្តមួយក្នុងចំណោមខេត្តភាគខាងលិចដែលមានការអភិវឌ្ឍតិចតួចបំផុតរបស់ប្រទេសអាហ្វហ្គានីស្ថាន ហើយអំពើហឹង្សាប្រឆាំងនឹងស្ត្រីគឺមានកម្រិតខ្ពស់។ ក្រុមតាលីបង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយសហរដ្ឋអាមេរិកកាលពីខែកុម្ភៈ ប៉ុន្តែសមាជិកជាច្រើននៅតែបន្តអំពាវនាវឱ្យមានការផ្តួលរំលំរដ្ឋាភិបាល និងរដ្ឋធម្មនុញ្ញអាហ្វហ្គានីស្ថាននាពេលបច្ចុប្បន្ននេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: