ក្រុមហ៊ុនអង់គ្លេសចោទប្រកាន់បុរសចិន ២នាក់ថា Hack ចូលលួចព័ត៌មានសម្ងាត់ស្តីពីការផលិតវ៉ាក់សាំងជំងឺកូវីដ ១៩ពីក្នុងក្រុមហ៊ុនខ្លួន
អង់គ្លេស៖ ក្រុមហ៊ុនជីវបច្ចេកវិទ្យារបស់អង់គ្លេសបានធ្វើការចោទប្រកាន់បុរសជនជាតិចិនចំនួន ២ នាក់ថា បាន Hack ចូលទៅលួចយកព័ត៌មានសម្ងាត់ស្តីពីការផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ នៅក្នុងក្រុមហ៊ុនខ្លួនតាមរយៈការ hack ចូលទៅក្នុងប្រព័ន្ធរក្សានិន្នន័យសម្ងាត់របស់ក្រុមហ៊ុន។ បុរសជនជាតិចិនទាំង ២រូបនេះមានឈ្មោះថា Li Xiaoyu អាយុ ៣៤ឆ្នាំ និងម្នាក់ទៀតមានឈ្មោះថា Dong Jiazhi អាយុ ៣១ ឆ្នាំ ហើយកន្លងមកចារកម្មបច្ចេកវិទ្យាទាំង ២រូបនេះត្រូវបានអាមេរិកចោទប្រកាន់ថា បានចូលទៅលួចយកព័ត៌មានសម្ងាត់ស្តីពីការធ្វើពាណិជ្ជកម្ម វិនិយោគ និងកម្មសិទ្ធបញ្ញាផ្សេងៗរបស់ក្រុមហ៊ុនធំៗ អង្គការ រដ្ឋាភិបាលអាមេរិកផងដែរ ដែលព័ត៌មានសម្ងាត់ទាំងនោះមានតម្លៃរាប់រយលានដុល្លារអាមេរិកឯណោះ។

គួរបញ្ជាក់ជូនថា ការចោទប្រកាន់ចំពោះបុរសជនជាតិទាំង ២រូបនេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលដែលលោក Mike Pompeo រដ្ឋលេខាធិការសហរដ្ឋអាមេរិកកំពុងបំពេញទស្សនៈកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសអង់គ្លេស ហើយបើតាមការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា លោក Li Xiaoyu និង Dong Jiazhi មិនត្រឹមតែបានលួចយកព័ត៌មានសម្ងាត់ទាំងអស់នោះសម្រាប់ប្រើប្រាស់ជាប្រយោជន៍បុគ្គលនោះទេ តែរដ្ឋាភិបាលចិនក៏បានយកព័ត៌មានទាំងនេះទៅប្រើប្រាស់ដើម្បីទទួលបានប្រយោជន៍ផ្សេងៗផងដែរ។ ក្រៅតែបានធ្វើការចោទប្រកាន់ដូចខាងលើនេះ អាមេរិកក៏បានអំពាវនាវឲ្យបណ្តាប្រទេសជាច្រើនរួមគ្នាទប់ស្កាត់កុំឲ្យចិនអាចចូលទៅលួចយកព័ត៌មានសម្ងាត់បានតទៅទៀត និងធ្វើយ៉ាងណាជំរុញឲ្យចិនត្រូវតែគោរពតាមច្បាប់ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាអន្តរជាតិឲ្យបានត្រឹមត្រូវផងដែរ៕




លោក Mike Pompeo រដ្ឋលេខាធិការសហរដ្ឋអាមេរិក (រូបខាងឆ្វេង)
អត្ថបទ៖ភក្តី
ប្រភព៖dailymail