និស្សិតស្រីម្នាក់ប្រលងធ្លាក់ ព្រោះប្រលងបណ្ដើរញ៉ាំអីបណ្ដើរ ហើយជ្រុះប្រហិតធ្លាក់ចំប៊ូតុងបញ្ចប់ការប្រលងទាំងពាក់កណ្តាលទី
អាមេរិក៖ ការសិក្សាតាមប្រព័ន្ធ Online គឺជាជម្រើសថ្មីមួយ ដែលត្រូវបានគេប្រើប្រាស់ពេញពិភពលោកនៅក្នុងសម័យកាលដែលមានការរាតត្បាតជំងឺកូវីដ ១៩ នេះ។ កន្លងមកគេធ្លាប់បានដឹងថា ជម្រើសនៃការសិក្សាពីចម្ងាយនេះមិនបានផ្ដល់ភាពងាយស្រួលស្មើគ្នាចំពោះក្រុមសិក្សានុសិស្សឡើយ ដោយសិស្សខ្លះគ្មានឧបករណ៍អេឡិចត្រូនិចគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ សិស្សខ្លះរស់នៅតំបន់ដាច់ស្រយាលពិបាកភ្ជាប់សេវាអ៊ីនធឺណិត ហើយចំពោះសិស្សក្រីក្រខ្លះវិញគ្មានទាំងលុយសម្រាប់ទិញទូរស័ព្ទទំនើបមួយគ្រឿងដើម្បីរៀនផង។ បន្ថែមពីលើហេតុផលសំខាន់ៗទាំងនេះ សារព័ត៌មាន nextshark បានរាយការណ៍ថា មាននិស្សិតម្នាក់បានធ្លាក់ការប្រលងតាមប្រព័ន្ធ Online ព្រោះតែហេតុផលដ៏គួរឲ្យអស់សំណើចមួយ ពោលគឺគ្រាប់ប្រហិតដែលនាងកំពុងញ៉ាំបានធ្លាក់ទៅលើក្តាចុចកុំព្យូទ័រនិងធ្វើឲ្យនាងត្រូវចាកចេញពីការប្រលងភ្លាមៗ។

ប្រភពខាងលើបន្តថា យុវតីដែលបានជួបប្រទះនូវរឿងដ៏ហួសចិត្តមួយនេះមានឈ្មោះថា Samantha Lee អាយុ ២០ឆ្នាំ ជានិស្សិតនៃ សាលកវិទ្យាល័យ Georgia សហរដ្ឋអាមេរិក ហើយក្នុងថ្ងៃកើតហេតុនោះនាងត្រូវប្រលងតាមប្រព័ន្ធ Online នៅឯផ្ទះរបស់នាងសម្រាប់មុខវិទ្យាដ៏សំខាន់មួយ។ ដោយសារតែវាជាការប្រលងនៅបន្ទប់គេងតែម្នាក់ឯង ក្នុងពេលប្រលងនោះនាងបានយកសាំងវ៉ិចដែលមានប្រហិតនៅខាងក្នុងមកញ៉ាំបណ្ដើរហើយចៃដន្យគ្រាប់ប្រហិតក៏ធ្លាក់មកចំប៊ូតុងចាកចេញពីការប្រលង ខណៈការប្រលងទើបចាប់ផ្ដើមបានពាក់កណ្តាលហើយពិន្ទុរបស់និស្សិតរូបនេះទើបតែទទួលបានជាង ៣៩% ប៉ុណ្ណោះ។
ក្រោយធ្លាក់ការប្រលងដោយចៃដន្យដូចនេះ យុវតី Samantha Lee បានសរសេរសារអេឡិចត្រូនិចរៀបរាប់ពីរឿងរ៉ាវចៃដន្យប្រាប់គ្រូរបស់នាង ហើយពេលនេះខាងសាកលវិទ្យាល័យកំពុងពិចារណផ្ដល់ឱកាសឲ្យរូបនាងប្រលងឡើងវិញផងដែរ ដោយគេយល់ថាកន្លងមកនាងជាសិស្សពូកែម្នាក់និងមិនគួរបានពិន្ទុទាបដូចនេះដោយគ្មានមូលហេតុនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ nextshark