ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសចិនបានបាញ់បង្ហោះបេសកកម្មអវកាស ទៅកាន់ភពព្រះអង្គារជាលើកដំបូងបំផុតរបស់ខ្លួនដោយជោគជ័យ

    BY autoadmin July 23, 2020
    ប្រទេសចិនបានបាញ់បង្ហោះបេសកកម្មអវកាស ទៅកាន់ភពព្រះអង្គារជាលើកដំបូងបំផុតរបស់ខ្លួនដោយជោគជ័យ

    ប្រទេសចិនបានបង្ហោះបេសកកម្មអវកាសទៅភពព្រះអង្គារនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងគោលបំណងបំពេញការហោះហើរក្នុងគន្លង ការចុះចត និងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀតនៅក្នុងបេសកកម្មតែមួយ និងចាប់យកជំហានដំបូងរបស់ខ្លួនក្នុងការរុករកភពនៅក្នុងប្រព័ន្ធព្រះអាទិត្យ។ រ៉ុកកែត Long March 5 ដែលជាយានបាញ់បង្ហោះធំបំផុតរបស់ចិន បានផ្ទុកយានអវកាសមានទម្ងន់ប្រហែល ៥តោន ហោះឡើងលើមេឃពីកន្លែងបាញ់បង្ហោះយានអវកាស Wenchang នៅឆ្នេរសមុទ្រខេត្តហៃណាន ប្រទេសចិននៅម៉ោង ១២ និង ៤១ នាទី (ម៉ោងនៅប៉េកាំង)។ វារំពឹងនឹងទៅដល់ភពព្រះអង្គារនៅខែកុម្ភៈ ឆ្នាំ២០២១ ពោលគឺ៧ខែរាប់ពីឥឡូវ។

    ប្រមាណជា ៣៦ នាទីក្រោយមក យានអវកាសរួមទាំង Orbiter និង Rover ត្រូវបានបញ្ជូនទៅក្នុងគន្លង ដោយនឹងធ្វើដំណើរជិត៧ខែទៅកាន់ភពព្រះអង្គារ នេះបើយោងតាមរដ្ឋបាលអវកាសចិន (CNSA) ។ បេសកកម្មភពព្រះអង្គារដំបូងបង្អស់របស់ប្រទេសចិនមានឈ្មោះថា Tianwen-1 ដែលមានន័យថា «សំណួរទៅឋានសួគ៌» ហើយមកពីកំណាព្យមួយដែលសរសេរដោយ Qu Yuan (ប្រហែលពីឆ្នាំ ៣៤០-២៧៨ មុន គ. ស.) ដែលជាកំណាព្យមួយក្នុងចំណោមកំណាព្យអស្ចារ្យបំផុតរបស់ចិនបុរាណ។ CNSA បាននិយាយថា ឈ្មោះនេះបង្ហាញពីភាពខ្ជាប់ខ្ជួនរបស់ប្រជាជាតិចិនក្នុងការស្វែងរកការពិតនិងវិទ្យាសាស្ត្រ និងស្វែងយល់ពីធម្មជាតិនិងសកលលោក៕

    អត្ថបទ៖ លីដា
    ប្រភព៖ ស៊ីនហួរ

    Share This Post: