ការមិនដុសសម្អាតធ្មេញឱ្យបានទៀងទាត់ អាចបង្កើនឱកាសនៃការវិវត្តទៅជាជំងឺមហារីកមាត់ និងក្រពះនៅពេលខាងមុខ
យោងតាមការសិក្សាថ្មីមួយដោយសាលា Harvard T.H. Chan ដែលជាសាលាសុខភាពសាធារណៈនៃសាកលវិទ្យាល័យ Harvard បានឱ្យដឹងថា ការដុសធ្មេញឱ្យបានទៀងទាត់អាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកមាត់ឬក្រពះ។ នៅក្នុងការសិក្សានេះ អ្នកវិទ្យាសាស្ត្រនៅ Harvard T.H. Chan បានតាមដានប្រជាជនរាប់ពាន់នាក់អស់រយៈពេលជាង ២០ឆ្នាំ ដើម្បីរកមើលពីការជាប់ទាក់ទងនឹងបញ្ហាទាំងនេះ ហើយជាលទ្ធផលវារកឃើញថា ៥២% នៃអ្នកដែលមានប្រវត្តិជាមួយជំងឺអញ្ចាញធ្មេញ ទំនងជាវិវត្តទៅជាជំងឺមហារីកបំពង់អាហារ ឬមហារីកក្រពះនៅពេលខាងមុខ ហើយវានឹងកាន់តែមានហានិភ័យបន្ថែមទៀត ចំពោះអ្នកជ្រុះធ្មេញដោយសារបញ្ហាអញ្ចាញនេះ។ ជំងឺអញ្ចាញធ្មេញនេះគឺបណ្ដាលមកពីការមិនដុសសម្អាតធ្មេញឱ្យបានទៀតទាត់ឬត្រឹមត្រូវនេះហើយ។

អ្នកស្រាវជ្រាវបានពិនិត្យទៅលើអត្រាជំងឺមហារីកបំពង់អាហារ និងមហារីកក្រពះ ចំពោះស្ត្រី ៩៨,៤៥៩ នាក់ និងបុរសចំនួន ៤៩,៦៨៥ នាក់ ក្នុងរយៈពេលយ៉ាងហោចណាស់ពីរទសវត្សចុងក្រោយនេះ។ ក្នុងអំឡុងពេល ២២ ទៅ ២៨ឆ្នាំ នៃការតាមដាននេះ អ្នកស្រាវជ្រាវបានរកឃើញថា ក្នុងចំណោមពួកគេមានអ្នកកើតមហារីកបំពង់អាហារចំនួន ១៩៩ករណី និងមហារីកក្រពះ ២៣៨ករណី។ អ្នកមានប្រវត្តិនៃជំងឺអញ្ចាញធ្មេញត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃជំងឺមហារីកបំពង់អាហារនិងមហារីកក្រពះ ៥២% ។ ហានិភ័យចំពោះអ្នកដែលធ្លាប់បាត់បង់ធ្មេញ ២ ឬច្រើនជាងនេះ គឺមានកម្រិតខ្ពស់ជាងនេះទៅទៀតបើប្រៀបធៀបទៅនឹងមនុស្សដែលមិនបាត់បង់ធ្មេញ។
អ្នកវិទ្យាសាស្ត្របាននិយាយថា ៤២% នៃអ្នកចូលរួមដែលបាត់បង់ធ្មេញទំនងជានឹងមានជំងឺមហារីកបំពង់អាហារ និង ៣៣% មានហានិភ័យនៃជំងឺមហារីកក្រពះ។ ការផ្សារភ្ជាប់គ្នារវាងបាក់តេរីដែលត្រូវបានគេរកឃើញជាទូទៅនៅក្នុងមាត់ ដូចជា Tannerella forsythia និង Porphyromonas gingivalis និងជំងឺមហារីកបំពង់អាហារ ក៏ធ្លាប់ត្រូវបានបញ្ជាក់ដោយការសិក្សាមុនៗផងដែរ។ អ្នកវិទ្យាសាស្ត្របាននិយាយថា ហេតុផលមួយទៀតដែលអាចកើតមានគឺអនាម័យមាត់និងអញ្ចាញធ្មេញមិនល្អ អាចជម្រុញការបង្កើតបាក់តេរីដែលត្រូវបានគេស្គាល់ថា អាចបង្កឱ្យមានជំងឺមហារីកក្រពះ។ ប៉ុន្តែយ៉ាងណាក៏ដោយពួកគេនៅត្រូវការសិក្សាជាច្រើនបន្ថែមទៀត ដើម្បីអាចកំណត់បានថាតើក្រុមបែបណានឹងមានហានិភ័យខ្ពស់ ដើម្បីឈានទៅរកការការពារជាមុន និងការយល់ដឹងប្រសើរជាងនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ Daily Mail, Science Daily