ខ្មាន់កាំភ្លើងម្នាក់ដែលបានបាញ់ប្រហារនៅវិហារអ៊ីស្លាម សម្លាប់មនុស្សរាប់សិបនាក់យ៉ាងកក្រើកកាលពីឆ្នាំមុន ត្រូវបានចៅក្រមនូវែលសេឡង់កាត់ទោសឱ្យជាប់គុកពេញមួយជីវិត
ខ្មាន់កាំភ្លើងនៃការវាយប្រហារភេរវកម្មទៅលើវិហារអ៊ីស្លាមចំនួន ២ នៅក្នុងទីក្រុង Christchurch ប្រទេសនូវែលសេឡង់ កាលពីខែមីនា ឆ្នាំ២០១៩ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ ជនល្មើសម្នាក់នោះឈ្មោះ Brenton Tarrant ជនជាតិអូស្ត្រាលី អាយុ ២៩ឆ្នាំ ដែលកាលនោះគាត់បានសម្លាប់មនុស្សចំនួន ៥១នាក់ ដែលភាគច្រើនជាអ្នកកំពុងគោរពព្រះនៅវិហារអ៊ីស្លាម កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។ ការកាត់ទោសត្រូវបានធ្វើឡើងរយេះពេល ៤ថ្ងៃ មកហើយ ជាមួយនឹងរបាយការណ៍ខូចខាតរបស់ជនរងគ្រោះចំនួន ៦០នាក់។

រំលឹកដែរថាការសម្លាប់យ៉ាងរង្គាលនោះ ត្រូវបានគេចាត់ទុកថាជាការរើសអើងពូជសាសន៍ ហើយកាលពីអំឡុងពេលជនល្មើសកំពុងធ្វើសកម្មភាពបាញ់ប្រហារ រូបគេក៏បានធ្វើការ Live-stream សកម្មភាពដ៏ឃោរឃៅនោះផងដែរ។ បន្ទាប់ពីការកាត់ទោសរបស់ជនល្មើសរួច អ្នកស្រីនាយករដ្ឋមន្រ្តី Jacinda Ardern បាននិយាយថា គ្មានអ្វីនឹងសម្រាលការឈឺចាប់នៃការបាញ់ប្រហារនោះទេ ហើយបានបន្ថែមថាជនល្មើសសមតែទទួលទោសបែបនេះ។ គួរឱ្យដឹងដែរថា ប្រទេសនូវែលសេឡង់បានលុបចោលទោសប្រហារជីវិតពីបទមនុស្សឃាតក្នុងឆ្នាំ១៩៦១ ហើយចៅក្រមមិនអាចកំណត់ការកាត់ទោសប្រហារជីវិតដូចនៅសហរដ្ឋអាមេរិកនោះទេ ដូច្នេះអំពើឃាតកម្មត្រូវផ្តន្ទាទោសឱ្យជាប់គុកអស់មួយជីវិត៕




អត្ថបទ៖ លីដា
ប្រភព៖ CGTN