ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តុលាការថៃកាត់ទោសប្រហារជីវិតខ្មាន់កាំភ្លើងម្នាក់ ដែលបានចូលទៅប្លន់ហាងលក់មាស និងបាញ់រះយ៉ាងសាហាវសម្លាប់មនុស្ស ៣ នាក់

    BY autoadmin August 28, 2020
    តុលាការថៃកាត់ទោសប្រហារជីវិតខ្មាន់កាំភ្លើងម្នាក់ ដែលបានចូលទៅប្លន់ហាងលក់មាស និងបាញ់រះយ៉ាងសាហាវសម្លាប់មនុស្ស ៣ នាក់

    ថៃ៖ យោងតាមសារព័ត៌មាន Coconuts បានចុះផ្សាយថា តុលាការថៃបានសម្រេចកាត់ទោសប្រហារជីវិតបុរសម្នាក់ដែលបានចូលទៅប្លន់ហាងលក់មាសមួយកន្លែងនៅក្នុងខេត្ត Lopburi យ៉ាង​គឃ្លើន និងបានបាញ់សម្លាប់មនុស្សសរុបចំនួន ៣ នាក់ដោយក្នុងនោះមានទាំងកូនក្មេងម្នាក់ផងដែរ។ សូមរម្លឹកជូនថា ហេតុការណ៍ប្លន់ដ៏កក្រើកនេះបានកើតឡើងក្នុងផ្សារទំនើបក្នុងខេត្ត Lopburi កាលពីថ្ងៃទី ៩ ខែមករា កន្លងទៅនេះ ដោយបុរសជាខ្មាន់កាំភ្លើងបានបើកការបាញ់រះមួយយ៉ាងសាហាវបណ្តាលឲ្យសន្តិសុខផ្សារម្នាក់ បុគ្គលិកលក់មាសម្នាក់ និងក្មេងតូចអាយុ ២ ឆ្នាំម្នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈមានមនុស្ស ៤ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ។

    បន្ទាប់ពីបានធ្វើសកម្មភាពរួចខ្មាន់កាំភ្លើងបានរត់គេចខ្លួនបាត់ ហើយប៉ូលិសថៃបានសម្រេចប្រកាសផ្តល់ប្រាក់ចំនួន ៦០០ ០០០ បាត (១៩ ២១២ ដុល្លារអាមេរិក) សម្រាប់អ្នកណាដែលអាចប្រាប់ពីអត្តសញ្ញាណជនសង្ស័យមកកាន់ប៉ូលិស ហើយនៅ ២ សប្តាហ៍បន្ទាប់ទើបប៉ូលិសអាចចាប់ខ្លួនខ្មាន់កាំភ្លើងបានដោយជោគជ័យ។ បុរសជាខ្មាន់កាំភ្លើងរូបនេះមានឈ្មោះថា Prasittichai ជាអ្នកមានការអប់រំខ្ពស់ម្នាក់ ហើយខ្មាន់កាំភ្លើងបានប្រាប់ប៉ូលិសថា គាត់ធ្វើសកម្មភាពដូចនេះក៏ព្រោះតែគាត់ធុញទ្រាន់នឹងជីវិតខ្លាំងពេកហើយគាត់ចង់ធ្វើសកម្មភាពណាមួយដែលធ្វើឲ្យគាត់រំភើបចិត្តខ្លាំង តែគាត់គ្មានបំណងសម្លាប់ក្មេងតូចនោះទេ។​ ក្រៅតែពីកាត់ទោសប្រហារជីវិត ខ្មានកាំភ្លើងរោគចិត្តរូបនេះក៏ត្រូវបានពិន័យជាប្រាក់ចំនួន ១ ០០០ បាត (៣២ ដុល្លារអាមេរិក) និងបង្គាប់ឲ្យគាត់ត្រូវផ្តល់ប្រាក់សំណងដល់ជនរងគ្រោះទាំងស្លាប់និងរងរបួសផងដែរ៕

    អត្ថបទ៖ភក្តី

    ប្រភព៖ Coconuts

    Share This Post: