ទីក្រុងប៉ារីសចេញច្បាប់តម្រូវឱ្យពាក់ម៉ាស់ ក្រោយមានករណីជំងឺកូវីដ១៩ ហក់ឡើងខ្ទង់ពាន់សារជាថ្មី
ការពាក់ម៉ាសនៅទីជាសាធារណៈគឺជាច្បាប់ថ្មីមួយនៅទូទាំងទីក្រុងប៉ារីស និងតំបន់ជុំវិញជាច្រើន ចំពេលប្រទេសបារាំងមានការកើនឡើងនៃករណីជំងឺ COVID-19។ ការផ្លាស់ប្តូរនេះកើតឡើងមួយថ្ងៃបន្ទាប់ពីប្រទេសមួយនេះ បានកត់ត្រាការឆ្លងថ្មីចំនួន ៦,១១១នាក់ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីដើមខែឧសភា។ ឥឡូវនេះតំបន់ភ្លើងក្រហមសម្រាប់ជំងឺ COVID-19 នៅបារាំង បានកើនឡើងពី ២ ទៅដល់ ២១ កន្លែងហើយ ដែលជាបន្ទុកថ្មីមួយទៀតសម្រាប់ប្រទេស។

ស្របជាមួយការចេញច្បាប់ពាក់ម៉ាស់នេះ នាយករដ្ឋមន្រ្តីលោក Jean Castex បានមានប្រសាសន៍ថា លោកមិនចង់ឱ្យមានការបិទទ្វារប្រទេសទៀតទេ។ លោកបាននិយាយថា ជំងឺពេលនេះមានការកើនឡើងនៅទូទាំងប្រទេសបារាំង ហើយប្រសិនបើអាជ្ញាធរមិនធ្វើការឱ្យបានលឿននោះទេ ចំនួនឆ្លងថ្មីនឹងកើនឡើងយ៉ាងគំហុក។ យ៉ាងណាក៏ដោយថ្វីបើករណីឆ្លងថ្មីបានកើនឡើងខ្លាំងប៉ុន្មានសប្ដាហ៍មកនេះ តួលេខស្លាប់របស់បារាំងគឺនៅទាបនៅឡើយ។ សរុបមកដល់ពេលនេះបារាំងមានករណីជំងឺ COVID-19 ច្រើនជាង ៣០០,០០០ ករណី និងករណីស្លាប់មាន ៣០,៥០០ ករណី៕


អត្ថបទ៖ លីដា
ប្រភព៖ BBC