តុលាការបានកាត់ទោសជនល្មើសទី២ ទាក់ទងនឹងការធ្វើឱ្យជនជាតិវៀតណាម ៣៩នាក់ ស្លាប់យ៉ាងអាសូរក្នុងរថយន្តក្លាសេនៅអង់គ្លេស
បុរសជនជាតិអៀរឡង់វ័យ ៤០ឆ្នាំម្នាក់ បានសារភាពទោសកំហុសខ្លួនកាលពីថ្ងៃសុក្រ ចំពោះការស្លាប់របស់ជនជាតិវៀតណាម ដែលមានទាំងស្ត្រីនិងក្មេងប្រុសចំនួន ៣៩នាក់ នៅជិតទីក្រុងឡុងកាលពីឆ្នាំមុន។ ជនល្មើសមានឈ្មោះថា Ronan Hughes បានក្លាយជាមនុស្សទី២ បន្ទាប់ពីតៃកុងរថយន្តឈ្មោះថា Maurice Robinson ដែលត្រូវទទួលកំហុសចំពោះការស្លាប់របស់ជនរងគ្រោះទាំង ៣៩នាក់ ដែលកាលនោះវាជាព័ត៌មានយ៉ាងកក្រើកមួយពេញប្រទេសអង់គ្លេសនិងវៀតណាម ក៏ដូចជាពិភពលោក ជុំវិញរឿងអាស្រូវលួចដឹកជនអន្តោប្រវេសន៍ខុសច្បាប់ នៅក្នុងរថយន្តដឹកទំនិញក្លាសេ។

ដោយបង្ហាញខ្លួននៅឯសាលសវនាការ Old Bailey ក្នុងទីក្រុងឡុង លោក Ronan Hughes បានឈរស្ដាប់ចៅក្រមអានឈ្មោះជនរងគ្រោះទាំងអស់ ដោយមានបុរស ៣១នាក់ និងស្ត្រី ៨នាក់។ គាត់បានសារភាពពីការចោទប្រកាន់នីមួយៗ នៅក្នុងដំណើរការមួយដែលចំណាយពេលជាង ១០នាទី។ លោក Ronan Hughes បានសារភាពផងដែរថា បានឃុបឃិតគ្នាដើម្បីជួយដល់ជនអន្តោប្រវេសន៍ខុសច្បាប់។ ភាគច្រើននៃអ្នកដែលបានស្លាប់មានអាយុចន្លោះពី ៤៤ ទៅ ១៥ឆ្នាំ និងមកពីខេត្ត Nghe An និងខេត្ត Ha Tinh នៅប្រទេសវៀតណាម ដែលជាកន្លែងដែលមានការងារមិនសូវល្អ គ្រោះមហន្តរាយបរិស្ថាន និងការសន្យាផ្តល់រង្វាន់ហិរញ្ញវត្ថុដល់ការធ្វើចំណាកស្រុកពីបរទេស។
ជនរងគ្រោះទាំង ៣៩នាក់ ត្រូវបានគេរកឃើញថា ស្លាប់កាលពីខែតុលា ឆ្នាំ២០១៩ នៅក្នុងរថយន្តដឹកទំនិញបំពាក់ប្រព័ន្ធបង្កកមួយនៅ Essex ខោនធីភាគខាងកើតទីក្រុងឡុង។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថា បុរសទី៣ ឈ្មោះ Eamonn Harrison អាយុ ២៣ឆ្នាំ មកពីអៀរឡង់ខាងជើង នៅមិនទាន់រកឃើញថាមានពិរុទ្ធនៅឡើយទេ ប៉ុន្តែនឹងបើកសវនាការកាត់ក្ដីម្ដងទៀតនៅថ្ងៃទី០៥ ខែតុលា ខាងមុខនេះ៕



អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider