អ្នកវិទ្យាសាស្រ្តឥណ្ឌូនេស៊ីព្រលែងសត្វមូសមានបាក់តេរីចំនួន ៦ លានក្បាលដើម្បីទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាមនៅក្នុងទីក្រុង
ឥណ្ឌូនេស៊ី៖ នៅពេលដែលនិយាយដល់វិធានការទប់ស្កាត់ជំងឺគ្រុនឈាម រឿងដែលលោកអ្នកអាចគិតដល់មុនគេនោះគឺការបំផ្លាញជំរកសត្វមូស និងចេះការពារខ្លួនកុំឲ្យសត្វមូសខ្លាញីខាំ។ យ៉ាងណាក្តី ជម្រើសអតិភាពនេះមិនអាចជួយទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាមបាន ១០០% នោះទេ ព្រោះជាក់ស្តែងគេមិនអាចបំផ្លាញជំរកសត្វមូសបានទាំងស្រុងឡើយ ហើយចំពោះការការពារខ្លួនវិញក៏មិនងាយស្រួលប៉ុន្មានដែរ ព្រោះមូសខ្លាញីនៅតែអាចមកខាំលោកអ្នកបាននៅពេលដែលលោកអ្នកភ្លេចខ្លួនតែបន្តិច។ នៅចំពោះមុខស្ថានភាពនេះ អ្នកវិទ្យាសាស្រ្តឥណ្ឌូនេស៊ីបានប្រើប្រាស់នូវវិធីថ្មីមួយ គឺព្រលែងសត្វមូសដែលមានបាក់តេរីនៅក្នុងខ្លួនចំនួន ៦ លានក្បាល ដើម្បីទៅបង្រ្កាបហ្វូងមូសខ្លាញីដែលជាភ្នាក់ងារបង្កជំងឺគ្រុនឈាម។

បើយោងតាមសារព័ត៌មាន Next Shark បានចុះផ្សាយលំអិតអំពីវិធីខាងលើនេះថា មុនដំបូងឡើយអ្នកវិទ្យាសាស្ត្របានយកបាក់តេរីប្រភេទ Wolbachia ទៅចាក់នៅក្នុងពងមូស ហើយបន្ទាប់ពីមូសបានញាស់ធំឡើងវានឹងក្លាយជាមូសដែលមានប្រព័ន្ធការពាររាងកាយខ្ពស់ ឬអាចនិយាយដោយស្រួលថាជាប្រភេទមូសបានមានវ៉ាក់សាំងការពារនិងបង្រ្កាបមេរោគជំងឺគ្រុនឈាមស្រាប់នៅក្នុងខ្លួន។ នៅពេលដែលគេព្រលែងសត្វមូសមានបាក់តេរីក្នុងខ្លួនទៅកាន់ទីជំរកសត្វមូសផ្សេងទៀតនោះពួកវាអាចទៅបង្កកំណើតជាមួយសត្វមូសខ្លាញីនិងបានចម្លងបាត់តេរីចូលទៅក្នុងខ្លួនមូសខ្លាញីហើយបាត់តេរីនោះក៏បានជួយសម្លាប់មេរោគជំងឺគ្រុនឈាមនៅក្នុងខ្លួនមូលខ្លាញីទាំងនោះផងដែរ។ អ្វីដែលជាចំណុចពិសេសមួយនេះទៀតគឺមូសជំនាន់ក្រោយៗដែលកើតចេញពីកាបង្កកំណើតរវាងមូសមានបាក់តេរីនិងមូសខ្លាញីខាងលើនេះ គឺសុទ្ធតែមានបាក់តេរីសម្រាប់ការពារនិងបង្ក្រាបជំងឺគ្រុនឈាមនៅក្នុងខ្លួនស្រាប់តែម្តង។ ប្រភពខាងលើអះអាងថា នៅពេលអ្នកវិទ្យាសាស្ត្រឥណ្ឌូនេស៊ីប្រើប្រាស់វិធីខាងលើនេះនៅក្នុងទីក្រុង Yogyakarta ដែលមានផ្ទៃក្រឡាប្រមាណជា ១៣ គីឡូម៉ែត្រការ៉េគេអាចរកឃើញលទ្ធផលថា ការរាតត្បាតជំងឺគ្រុនឈាមនៅក្នុងទីក្រុងមួយនេះបានធ្លាក់ចុះអស់ ៧៧% ឯណោះ៕
អត្ថបទ៖ភក្តី
ប្រភព៖ Next Shark