ការតវ៉ាកំពុងបន្តនៅពាសពេញសហរដ្ឋអាមេរិក ជុំវិញការស្លាប់របស់បុរសស្បែកខ្មៅម្នាក់ ដែលត្រូវប៉ូលីសបាញ់ពីក្រោយ ៧គ្រាប់
ការតវ៉ាកំពុងបន្តនៅពាសពេញសហរដ្ឋអាមេរិក ជុំវិញភាពសាហាវឃោរឃៅរបស់ប៉ូលីសនៅទីក្រុង Kenosha នៃរដ្ឋ Wisconsin ដែលបានបាញ់ពីក្រោយលើបុរសស្បែកខ្មៅម្នាក់ ដែលបង្កឱ្យមានកំហឹងជាសាធារណៈថ្មីមួយទៀត។ ជនរងគ្រោះឈ្មោះថា Jacob Blake អាយុ ២៩ឆ្នាំ និងត្រូវបានប៉ូលីសបាញ់ពីក្រោយចំនួន ៧គ្រាប់ កាលពីសប្ដាហ៍មុន។ ស្ថានភាពរបស់គាត់ពេលនេះគឺធ្ងន់ធ្ងរណាស់ ហើយគាត់មិនអាចកម្រើកខ្លួនបានទេចាប់ពីចង្កេះចុះមកក្រោម។

សេតវិមាននិយាយថា ប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើទស្សនកិច្ច Kenosha នៅថ្ងៃអង្គារ ប៉ុន្តែអភិបាលរងរបស់រដ្ឋ Wisconsin និយាយថា ពេលនេះមិនមែនជាពេលដែលលោក ដូណាល់ ត្រាំ ត្រូវទៅទីនោះទេ។ ការបាញ់ប្រហារមកលើលោក Jacob Blake បានបន្ថែមប្រេងទៅក្នុងការតវ៉ាទូទាំងប្រទេស ខណៈដែលរឿងប៉ូលីសសង្កត់កលោក George Floyd រហូតដល់ស្លាប់កាលពីខែឧសភា នៅមិនទាន់បានស្ងប់ស្ងាត់ដាច់ស្រាច់ផងនោះ។
កាលពីថ្ងៃសៅរ៍ម្សិលមិញនេះក៏មានបុរសម្នាក់ទៀត ត្រូវបានគេបាញ់សម្លាប់នៅទីក្រុង Portland ជាកន្លែងក្រុមបាតុករប្រឆាំងនឹងការរើសអើងជាតិសាសន៍បានប៉ះទង្គិចជាមួយអ្នកគាំទ្រលោក ដូណាល់ ត្រាំ។ ប៉ូលីសមិនបានបង្ហាញពីអត្តសញ្ញាណរបស់ជនរងគ្រោះនោះទេ ហើយកំពុងតែធ្វើការស៊ើបអង្កេតថា តើការបាញ់ប្រហារ និងការប៉ះទង្គិចគ្នា រវាងក្រុមទាំងពីរនេះមានជាប់ទាក់ទងគ្នា ឬយ៉ាងណា៕



អត្ថបទ៖ លីដា
ប្រភព៖ NHK