ស្ដែងៗ! កុមារីអាយុ ៣ឆ្នាំម្នាក់ ចំពាក់ជាមួយកន្ទុយខ្លែង ហោះឡើងលើមេឃយ៉ាងរន្ធត់ សំណាងមិនគ្រោះថ្នាក់ដល់ជីវិត
ក្មេងស្រីអាយុ ៣ឆ្នាំម្នាក់ បានជាប់ជាមួយកន្ទុយខ្លែងហើរទៅលើមេឃយ៉ាងរន្ធត់ បន្ទាប់ពីមានខ្យល់បក់យ៉ាងខ្លាំងមួយ បានវាយប្រហារតំបន់នេសាទ Nanliao Harbor កាលពីថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០។ ហេតុការណ៍បានកើតឡើងនៅក្នុងមហោស្រពខ្លែងអន្តរជាតិឆ្នាំ២០២០ ដែលបានចាប់ផ្តើមនៅចុងសប្តាហ៍មុន ក្នុងទីក្រុង Hsinchu នៅពេលដែលកន្ទុយខ្លែងបានជាប់ចំពាក់ជាមួយក្មេងស្រីរងគ្រោះ ហើយភ្លាមៗនោះក៏មានខ្យប់កន្ទាក់បក់មក ទើបបណ្ដាលឱ្យក្មេងស្រីហើរឡើងលើមេឃ។

ផ្អែកលើវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គម ក្មេងស្រីនេះហាក់ដូចជាបានហោះនៅលើអាកាសអស់រយៈពេលជាច្រើនវិនាទី មុនពេលមានមនុស្សបានទាញខ្លែងចុះមកដីវិញ។ អ្នកចូលរួមក្នុងមហោស្រពក៏បានជួយចាប់ក្មេងស្រី នៅពេលដែលនាងធ្លាក់ចុះក្រោម ជាមួយនឹងសំឡេងស្រែកភ្ញាក់ផ្អើលជាមួយហេតុការណ៍។ យ៉ាងណាក៏ដោយក្មេងស្រីរងគ្រោះមិនមានហានិភ័យដល់ជីវិតទេ ដោយគ្រាន់តែមានស្នាមរយះនៅលើ-ក និងមុខតិចតួច។ ចង់ជ្រាបច្បាស់ពីហេតុការណ៍ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖


អត្ថបទ៖ លីដា
ប្រភព៖ Taiwan News