ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    FDA អាមេរិក បានស្នើឱ្យមានការយល់ព្រមជាបន្ទាន់ ដើម្បីបញ្ចេញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ទាំងដែលការសាកល្បងចុងក្រោយមិនទាន់បញ្ចប់

    BY autoadmin September 1, 2020
    FDA អាមេរិក បានស្នើឱ្យមានការយល់ព្រមជាបន្ទាន់ ដើម្បីបញ្ចេញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ទាំងដែលការសាកល្បងចុងក្រោយមិនទាន់បញ្ចប់

    នាយករដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) លោក Stephen Hahn បានស្នើឱ្យមានការយល់ព្រមជាបន្ទាន់ចំពោះវ៉ាក់សាំងការពារជំងឺ COVID-19 មុនពេលការសាកល្បងព្យាបាលចុងក្រោយត្រូវបញ្ចប់ នេះបើយោងតាមបទសម្ភាសន៍របស់គាត់ជាមួយកាសែត Financial Times របស់អង់គ្លេស។ លោកបាននិយាយថា ការអនុញ្ញាតជាបន្ទាន់អាចត្រូវបានធ្វើឡើងនៅមុនពេលការសាកល្បងដំណាក់កាលទី៣ ត្រូវចប់ជាស្ថាពរ ដរាបណាមន្រ្តីគិតថា អត្ថប្រយោជន៍មានច្រើនជាងហានិភ័យ។ លោក Stephen Hahn បានបន្ថែមថា វានឹងអាស្រ័យលើអ្នកអភិវឌ្ឍន៍វ៉ាក់សាំង ដើម្បីដាក់ពាក្យសុំការយល់ព្រមនេះ។

    ជម្រាបដែរថា វ៉ាក់សាំងជាធម្មតាត្រូវបានផ្តល់ជូនសាធារណជន លុះត្រាតែរដ្ឋាភិបាលបានពិនិត្យសុវត្ថិភាព និងប្រសិទ្ធភាពរបស់ពួកវា។ ប៉ុន្តែប្រធានាធិបតីលោក ដូណាល់ត្រាំ បានគិតថា FDA ពន្យារពេលក្នុងដំណើរការនេះ ដោយបានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter នៅចុងខែសីហាថា អ្នកនៅ FDA កំពុងធ្វើឱ្យមានការលំបាកដើម្បីពន្យារពេលដំណើរការវ៉ាក់សាំង រហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតី។

    យ៉ាងណាក៏ដោយនៅក្នុងបទសម្ភាសន៍ជាមួយ Financial Times នាយក FDA រូបនេះបានបដិសេធថា មិនបានប្រឈមនឹងសម្ពាធពីរដ្ឋបាលរបស់លោក ដូណាល់ ត្រា ទេ។ លោកថា ការសម្រេចចិត្តគឺផ្អែកលើវិទ្យាសាស្ត្រ មិនមែននយោបាយទេ។ ប៉ុន្តែសុន្ទរកថារបស់លោកកំពុងទទួលការរិះគន់ពីអ្នកជំនាញ ព្រោះវាពិតជាមិនមែនជារឿងធម្មតានោះទេ ដែលវ៉ាក់សាំងត្រូវបានប្រើយ៉ាងទូលំទូលាយ ទាំងដែលការសាកល្បងព្យាបាលចុងក្រោយមិនទាន់បានបញ្ចប់៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNBC, NHK

    Share This Post: