ក្រុងហុងកុងបើកកម្មវិធីតេស្ដរកជំងឺកូវីដ១៩ ទ្រង់ទ្រាយធំដោយឥតគិតថ្លៃ ដើម្បីអាចកំណត់រកអ្នកជំងឺថ្មីៗ និងអ្នកឆ្លងមិនចេញរោគសញ្ញា
នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុងអ្នកស្រី Carrie Lam នៅថ្ងៃអង្គារនេះ បានជំរុញឱ្យអ្នកស្រុកទាំងអស់ត្រូវទៅធ្វើតេស្តរកជំងឺ COVID-19 ខណៈកម្មវិធីពិនិត្យដោយឥតគិតថ្លៃដ៏ធំមួយ របស់ទីក្រុងកំពុងចាប់ផ្តើម ដោយមានជំនួយពីអ្នកជំនាញវេជ្ជសាស្ត្រមកពីចិនដីគោក។ រាល់ប្រជាជនហុងកុងទាំងអស់នឹងមានសិទ្ធិទទួលការធ្វើតេស្តដោយឥតគិតថ្លៃ ជាផ្នែកមួយនៃកម្មវិធីតេស្តសហគមន៍ស្ម័គ្រចិត្តជាសកល (UCTP) ។ ទិន្នន័យជាផ្លូវការបង្ហាញថា គិតត្រឹមល្ងាចថ្ងៃច័ន្ទមនុស្សប្រមាណ ៥៥៣,០០០នាក់ បានចុះឈ្មោះដោយជោគជ័យ។

អ្នកស្រី Carrie Lam បានកត់សម្គាល់ថា ការធ្វើតេស្តដ៏ធំនេះនឹងជួយឱ្យរកឃើញករណីដែលមិនមានរោគសញ្ញាទាំងអស់ ដោយសារតែអ្នកជំងឺប្រភេទនេះជាចំណែក ១ ភាគ ៤ នៃករណីថ្មីៗ។ នាយកប្រតិបត្តិបានអះអាងថា ភាពឯកជននឹងត្រូវបានការពារ ព្រោះមន្ទីរពិសោធន៍នឹងមិនត្រូវបានផ្តល់ព័ត៌មានផ្ទាល់ខ្លួនអំពីអ្នកធ្វើតេស្តឡើយ។ គួរឱ្យដឹងដែរថាទីក្រុងហុងកុងមានករណីបានបញ្ជាក់ចំនួន ៤,៨០០នាក់ ចាប់តាំងពីជំងឺបានវាយប្រហារទីក្រុងកាលពីចុងខែមករា ដោយមានអ្នកស្លាប់ចំនួន ៨៨នាក់។
ប្រហែលជា ៧៥% នៃអ្នកដែលបានឆ្លងត្រូវបានគេរកឃើញនៅក្នុងការផ្ទុះថ្មីមួយ ដែលបានចាប់ផ្តើមនៅដើមខែកក្កដា។ អ្នកស្រី Carrie Lam និងមន្ត្រីសំខាន់ៗមួយចំនួនទៀតរបស់រដ្ឋាភិបាល បានធ្វើតេស្តរបស់ពួកគេនៅថ្ងៃអង្គារដែលជាថ្ងៃបើកកម្មវិធី៕


អត្ថបទ៖ លីដា
ប្រភព៖ CGTN