លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានបញ្ជាឱ្យមេគយរបស់ហ្វីលីពីន ធ្វើការបាញ់សម្លាប់ពួកជួញដូរគ្រឿងញៀន ហើយថាគាត់នឹងជួយមិនឱ្យជាប់គុកនោះទេ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Associated Press បានឱ្យដឹងថា ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) បានចេញបញ្ជាជាសាធារណៈដល់មន្រ្តីគយកំពូលរបស់ប្រទេស ឱ្យធ្វើការបាញ់ និងសម្លាប់ពួកអ្នករត់ពន្ធគ្រឿងញៀន ដែលការប្រកាសនេះជាការគំរាមកំហែងសាហាវបំផុតមួយ ចាប់តាំងពីរូបគាត់បានដឹកនាំប្រទេសក្នុងរយៈពេល ៤ឆ្នាំ មកនេះ។ លោកបដិសេធជាដាច់ខាតចំពោះការសម្លាប់ក្រៅប្រព័ន្ធច្បាប់ ប៉ុន្តែបានគំរាមម្តងហើយម្តងទៀត និងជាចំហ ដល់អ្នកជួញដូរគ្រឿងញៀនទាំងឡាយ ជាមួយនឹងការបាញ់សម្លាប់។

លោក Rodrigo Duterte បានចេញបទបញ្ជាទៅកាន់ប្រធានការិយាល័យគយលោក Rey Leonardo Guerrero នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ ដែលស្រង់ចេញពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីស្តីពីជំងឺ COVID-19 នៅយប់ថ្ងៃច័ន្ទ។ លោក Rey Leonardo Guerrero ដែលជាឧត្តមសេនីយយោធាចូលនិវត្តន៍ និងជាអតីតមេបញ្ជាការយោធារូបនោះ ក៏មិនបាននៅក្បែរលោក Rodrigo Duterte នៅពេលដែលគាត់កំពុងនិយាយទេ ប៉ុន្តែលោកប្រធានាធិបតីបាននិយាយថា លោកបានជួបលោក Guerrero និងមន្រ្តីពីរនាក់ផ្សេងទៀតកាលពីថ្ងៃច័ន្ទ នៅឯវិមានប្រធានាធិបតីក្នុងទីក្រុងម៉ានីល។
លោក Rodrigo Duterte បាននិយាយថា៖«គ្រឿងញៀននៅតែហូរចូលក្នុងប្រទេសតាមរយៈគយ»។ លោកបានបន្ថែមទៀតថា លោកបានយល់ព្រមលើសំណើរបស់លោក Guerrero ចំពោះការប្រើអាវុធ ដោយបាននិយាយទៅកាន់មេគយរូបនោះថា ៖«ខ្ញុំបានយល់ព្រមលើការទិញអាវុធ ហើយរហូតមកដល់ពេលនេះអ្នកនៅមិនទាន់បាញ់បានសូម្បីតែម្នាក់ទេឬ? លោក Rodrigo Duterte បាននិយាយដោយត្រង់ៗថា «ឱ្យប្រើវាទៅ» ហើយលោកនឹងជួយមិនឱ្យគាត់ជាប់គុកនោះទេ ប្រសិនបើការបាញ់សម្លាប់ទៅលើពួកជួញដូរគ្រឿងញៀន៕

អត្ថបទ៖ លីដា
ប្រភព៖ Associated Press