លោក ដូណាល់ ត្រាំ បានធ្វើទស្សនកិច្ចនៅទីក្រុង Kenosha ប៉ុន្តែមិនមែនទៅនិយាយជាមួយបាតុករទេ គឺទៅគាំទ្រខាងប៉ូលីស
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើទស្សនកិច្ចនៅទីក្រុង Kenosha រដ្ឋ Wisconsin ហើយបានសង្កត់ធ្ងន់ថា រដ្ឋបាលរបស់លោកនឹងបង្ក្រាបក្រុមបាតុកម្មហិង្សាប្រឆាំងនឹងប៉ូលីស ដែលបានបាញ់ជាច្រើនគ្រាប់លើបុរសស្បែកខ្មៅម្នាក់នៅទីនោះ។ លោក ដូណាល់ ត្រាំ បានមកដល់ទីក្រុងកាលពីថ្ងៃអង្គារ ហើយបានទៅមើលហាងដែលត្រូវបានដុត និងកម្លាំងការងារជួយដោះស្រាយការតវ៉ា។ លោកក៏បានជួបជាមួយមន្រ្តីអនុវត្តច្បាប់ និងជំរុញឱ្យពួកគេធ្វើសកម្មភាពដោយមានដំណោះស្រាយ។

ការបាញ់ទៅលើលោក Jacob Blake កាលពីថ្ងៃទី២៣ ខែសីហា បានធ្វើឱ្យមានការតវ៉ាប្រឆាំងនឹងការរើសអើងជាតិសាសន៍ ដែលមួយចំនួនក៏បានប្រែទៅជាហិង្សា។ មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅឧទ្យានមួយនៅកណ្តាលក្រុង Kenosha ដើម្បីបង្ហាញការគាំទ្ រឬការប្រឆាំងរបស់ពួកគេចំពោះប្រធានាធិបតី។ អ្នកគាំទ្របានស្រែកថា «បួនឆ្នាំទៀត» ខណៈពេលដែលពួកគូប្រជែងបានចោទប្រកាន់លោក ដូណាល់ ត្រាំ ថាធ្វើឱ្យមានការបែងចែកសង្គមអាមេរិក។
តាមមើលទៅលោក ដូណាល់ ត្រាំ ចង់បង្វែរស្ថានការណ៍ ដើម្បីផលប្រយោជន៍របស់គាត់មុនការបោះឆ្នោតប្រធានាធិបតី ដោយសង្កត់ធ្ងន់ថាអភិបាលរដ្ឋប្រជាធិបតេយ្យនៃរដ្ឋ Wisconsin មិនបានធ្វើការងារគ្រប់គ្រាន់ដើម្បីការពារអំពើហិង្សាទេ។ គាត់ក៏កំពុងព្យាយាមបង្ហាញថា គាត់អាចរក្សាច្បាប់និងបទបញ្ជាបាន ប៉ុន្តែក្រុមអ្នកប្រជាធិបតេយ្យបានចោទប្រកាន់លោកថា បានចូលរួមជាមួយប៉ូលីស និងញុះញង់ឱ្យមានការបែកបាក់ ជាជាងការដោះស្រាយការរើសអើងជាតិសាសន៍៕




អត្ថបទ៖ លីដា
ប្រភព៖ NHK