ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រះមហាក្សត្រថៃប្រគល់តំណែង ឋានៈ និងគ្រឿងឥស្សរយស ដល់អតីតអ្នក​ម្នាង Sineenat Wongvajirapakdi ក្រោយដកតំណែងទ្រង់បាន ១០ខែ

    BY autoadmin September 2, 2020
    ព្រះមហាក្សត្រថៃប្រគល់តំណែង ឋានៈ និងគ្រឿងឥស្សរយស ដល់អតីតអ្នក​ម្នាង Sineenat Wongvajirapakdi ក្រោយដកតំណែងទ្រង់បាន ១០ខែ

    យោងតាមការចុះផ្សាយរបស់ព្រឹត្តិប័ត្រ Royal Gazette បានឱ្យដឹងថា ព្រះមហាក្សត្រ​ថៃព្រះបាទ Maha Vajiralongkorn បានតែងតាំងអតីតអ្នកម្នាង Sineenat Wongvajirapakdi ព្រះជន្ម ៣៥វស្សា ជាព្រះស្នំឯករបស់ព្រះអង្គឡើងវិញ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។ ព្រឹត្តិប័ត្រកាលពីថ្ងៃទី២៩ ខែសីហា បានសរសេរថា៖«ដោយសារតែអ្នកម្នាង Sineenat Wongvajirapakdi គឺគ្មានកំហុសអ្វី ព្រះរាជាត្រាស់បង្គាប់ឱ្យអ្នកម្នាង Sineenat Wongvajirapakdi ទទួលបាននូវឋានន្តរសក្តិជាស្នំឯក Sineenat Bilaskalayani រួមជាមួយឋានៈនៅក្នុងរាជការនិងយោធា និងទទួលបានគ្រឿងឥស្សរយសគ្រប់ជាន់ថ្នាក់វិញ»។

    សេចក្ដីជូនដំណឹងនេះមានន័យថាអ្នកម្នាងគឺស្អាតស្អំ ដែលបញ្ជាក់ថាទ្រង់មិនត្រូវបានគេដកតំណែងពីរាជ្សវង្ស តួនាទីក្នុងយោធា និងគ្រឿងឥស្សរយសនោះទេ។ ការប្រគល់ឋានៈទាំងនេះវិញ បានធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រថៃ Maha Vajiralongkorn បានដកហូតតំណែងយោធា គ្រឿងឥស្សរយស និងឋានន្តរស័ក្តិរបស់ព្រះនាងទាំងអស់ កាលពីខែតុលាឆ្នាំមុន ក្រោមការចោទថា «មិនចេះដឹងគុណ» និងមានអាកប្បកិរិយា «តាមរបៀបដែលមិនសមឋានៈ» នៅចំពេលដែលអ្នកម្នាងបានឡើងឋានៈជាស្នំឯកមិនបាន ៣ខែ ផងនោះ។ យោងតាមសេចក្ដីថ្លែងការណ៍របស់ព្រះរាជរាំងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ អ្នកម្នាង Sineenat Wongvajirapakdi បានបង្ហាញការជំទាស់និងដាក់សម្ពាធ ប្រឆាំងនឹងការដំឡើងតំណែងជាព្រះមហាក្សត្រិយ៍ របស់ព្រះនាង Suthida ដោយសារទ្រង់ប្រាថ្នាជាព្រះមហាក្សត្រិយ៍ជំនួសវិញ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: