ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អគ្គលេខាធិការអង្គការសហប្រជាជាតិ ជំរុញឱ្យជប៉ុន និងប្រទេសដទៃទៀត ឈប់ប្រើប្រាស់ថាមពលធ្យូងថ្ម និងងាកមកប្រើថាមពលកកើតឡើងវិញ

    BY autoadmin September 4, 2020
    អគ្គលេខាធិការអង្គការសហប្រជាជាតិ  ជំរុញឱ្យជប៉ុន និងប្រទេសដទៃទៀត ឈប់ប្រើប្រាស់ថាមពលធ្យូងថ្ម និងងាកមកប្រើថាមពលកកើតឡើងវិញ

    អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានទទូចដល់ប្រទេសជប៉ុន និងប្រទេសដទៃទៀត ឱ្យបញ្ឈប់ការប្រើប្រាស់ថាមពលធ្យូងថ្ម និងបង្កើនថាមពលកកើតឡើងវិញ ដើម្បីឆ្លើយតបនឹងគោលដៅរបស់អង្គការសហប្រជាជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ លោក Antonio Guterres បានធ្វើការកត់សម្គាល់បែបនេះនៅថ្ងៃព្រហស្បតិ៍ នៅក្នុងសារជាវីដេអូរបស់លោក ដែលបានបញ្ជូនទៅកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីតាមអ៉ីនធឺណេត ស្តីពីបញ្ហាបរិស្ថានដែលរៀបចំឡើងដោយប្រទេសជប៉ុន និងមានមន្ត្រីមកពីប្រទេសសេដ្ឋកិច្ចជាង ៧០ បានចូលរួម។

    លោកអគ្គលេខាធិការបានសង្កត់ធ្ងន់ថា ការបំភាយឧស្ម័នផ្ទះកញ្ចក់ពិភពលោក ចាំបាច់ត្រូវកាត់បន្ថយពាក់កណ្តាលត្រឹមឆ្នាំ ២០៣០ ហើយកាត់បន្ថយមកត្រឹមសូន្យ ឬអព្យាក្រឹតភាពកាបូន (carbon neutrality) នៅឆ្នាំ២០៥០ ដើម្បីបំពេញតាមគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥។ វាកំណត់ការកើនឡើងនៃសីតុណ្ហភាពពិភពលោកដល់ ១.៥ អង្សាសេ ខ្ពស់ជាងកម្រិតមុនពេលមានឧស្សាហកម្ម។ លោក Guterres បាននិយាយថា គោលដៅនៅតែអាចសម្រេចបាន ប៉ុន្តែលោកបានបន្ថែមថា «ឥឡូវយើងកំពុងស្ថិតដើរខុស» ។

    ទាក់ទងនឹងស្ថានភាពនៅប្រទេសជប៉ុនលោកមានប្រសាសន៍ថា លោកស្វាគមន៍ចំពោះការប្រកាសរបស់អង្គភាពក្នុងស្រុកចំនួន ១៥១ ដែលតំណាងឱ្យប្រជាជន ៧១ លាននាក់ ក្នុងការគាំទ្រអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។ លោកបានសម្តែងក្តីសង្ឃឹមថា ជប៉ុននឹងបញ្ចប់ការផ្តល់ហិរញ្ញប្បទានខាងក្រៅដល់រោងចក្រថាមពលធ្យូងថ្ម និងប្តេជ្ញាចំពោះអព្យាក្រឹតភាពកាបូនមុនឆ្នាំ២០៥០។ លោកបានបន្ថែមថា ប្រទេសជប៉ុនអាចក្លាយជាមេដឹកនាំពិភពលោកមួយ ដែលមានសេដ្ឋកិច្ចប្រកបដោយចីរភាពនិងរឹងមាំ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: