អង្គការសហប្រជាជាតិ៖ ច្បាប់សន្តិសុខជាតិរបស់ចិនដែលដាក់ឱ្យហុងកុង បង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សេរីភាពទីក្រុង
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សបានព្រមានថា ច្បាប់សន្តិសុខជាតិរបស់ចិនដែលដាក់ឱ្យហុងកុង បង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សេរីភាពទីក្រុង និងរំលោភលើកាតព្វកិច្ចច្បាប់អន្តរជាតិ។ ទីក្រុងប៉េកាំងបានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងចំពោះច្បាប់ដែលខ្លួនដាក់លើហុងកុងកាលពីចុងខែមិថុនា បន្ទាប់ពីការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ បានធ្វើឱ្យកក្រើកទីក្រុងស្វយ័តនេះកាលពីឆ្នាំមុន។ ច្បាប់ដែលចិនដាក់ឱ្យហុងកុងនោះមានន័យថា ការបំបែកបំបាក់ បង្ហិនបង្ហោច អំពើភេរវកម្ម និងការឃុបឃិតជាមួយកម្លាំងបរទេស អាចឈានទៅដល់ការជាប់ពន្ធនាគារពេញមួយជីវិត។

នៅក្នុងលិខិតមួយដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃសុក្រ ទីប្រឹក្សាអង្គការសហប្រជាជាតិបានព្រមានថា ផ្នែកខ្លះនៃច្បាប់នេះបាន «ដាក់ទោសព្រហ្មទណ្ឌ» លើសេរីភាពនៃការបញ្ចេញមតិ ឬទម្រង់នៃការរិះគន់ណាមួយទៅលើប្រទេសចិន។ វាបាននិយាយថា៖«ច្បាប់សន្តិសុខជាតិ…បង្កហានិភ័យធ្ងន់ធ្ងរ ដែលសេរីភាពមូលដ្ឋាន និងការការពារតាមច្បាប់អាចត្រូវបំពាន»។ លិខិតនោះបានព្រមានថា ច្បាប់នេះអាច «បិទបាំងសិទ្ធិសេរីភាពបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធី»។ អ្នករាយការណ៍បានជំរុញឱ្យប្រទេសចិន ពិចារណាឡើងវិញលើច្បាប់នេះ និងត្រូវមានអ្នកត្រួតពិនិត្យឯករាជ្យពេញលេញ ដើម្បីធានាថា វាគោរពតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់ប្រទេសចិន៕



អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍