យ៉ាងហោចណាស់មានមនុស្សចំនួន ១២នាក់ បានស្លាប់ នៅក្នុងហេតុការណ៍ផ្ទុះហ្គាសមួយ នៅព្រះវិហារអ៉ីស្លាមក្នុងប្រទេសបង់ក្លាដែស
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា នេះបានឱ្យដឹងថា មានការផ្ទុះហ្គាសមួយ នៅព្រះវិហារអ៉ីស្លាមក្នុងទីក្រុង Narayanganj នៃប្រទេសបង់ក្លាដែស ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២នាក់ ខណៈមនុស្សរាប់សិបនាក់កំពុងរងការគំរាមកំហែងដល់ជីវិត។ ហេតុការណ៍នោះបានកើតឡើងនៅពេលក្រុមអ្នកគោរពព្រះ កំពុងធ្វើការអធិស្ឋាន ប៉ុន្តែស្រាប់តែមានអណ្ដាតភ្លើងផ្ទុះឡើងពេញព្រះវិហារ។

ក្រុមអ្នកស៊ើបអង្កេតបានសង្ស័យថា អណ្ដាតភ្លើងបង្កឡើងដោយសារការបែកធ្លាយហ្គាស ខណៈពេលដែលព្រះវិហារមានការដាច់ចរន្ធអគ្គិសនី។ លុះពេលមានចរន្ធអគ្គិសនីឡើងវិញ ពួកគេបានបិទបង្អួចនិងទ្វារ ហើយបើកម៉ាស៊ីនត្រជាក់ ដូច្នេះវាបានបណ្ដាលឱ្យមានផ្កាភ្លើងធ្លាក់លើហ្គាសបង្កជាការឆាបឆេះឡើង។ អ្នកនាំពាក្យមន្ទីរពេទ្យលោក Samanta Lal Sen បាននិយាយថា អ្នកទាំង ១២នាក់ ដែលបានស្លាប់ គឺស្ថិតក្នុងចំណោមមនុស្ស ៣៧នាក់ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជំនាញរលាកក្នុងទីក្រុង Dhaka ដែលពួកគេសុទ្ធតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕



អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia