រដ្ឋកាលីហ្វ័រញ៉ាប្រឈមនឹងបញ្ហាភ្លើងឆេះព្រៃដ៏អាក្រក់បំផុតលើសពីកំណត់ត្រាចាស់ ខណៈរលកកម្ដៅ និងភាពស្ងួតធ្វើឱ្យស្ថានភាពកាន់តែអាក្រក់
ភ្លើងឆេះព្រៃរាប់រយកន្លែងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ បានបង្កការខូចខាតធ្ងន់ធ្ងរបំផុតដល់រដ្ឋកាលីហ្វ័រញ៉ាភាគខាងលិចរបស់សហរដ្ឋអាមេរិក នេះបើតាមការចុះផ្សាយរបស់ NHK ។ ភ្លើងឆេះព្រៃបានឆាបឆេះផ្ទៃដីប្រមាណ ៨,០០០ គីឡូម៉ែត្រក្រឡា នៅក្នុងឆ្នាំ២០២០នេះ ដែលជាទំហំធំបំផុតនៅលើសពីកំណត់ត្រាចាស់ទៅទៀត។ កាលពីថ្ងៃទី១៨ ខែសីហា អភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក Gavin Newsom ក៏បានប្រកាសអាសន្ននៅគ្រប់ផ្នែកទាំងអស់នៃរដ្ឋផងដែរ ខណៈដែលរដ្ឋនេះមានភ្លើងឆេះព្រៃជាង ៩០០កន្លែង ចាប់តាំងពីថ្ងៃទី១៥ ខែសីហា ដែលភាគច្រើនពួកវាបានកើតឡើងដោយសាររន្ទះបាញ់រាប់ពាន់ដង។

អាកាសធាតុក្តៅស្ងួត ក៏កំពុងបង្កជាអណ្តាតភ្លើងដែរ នៅចំពេលដែលសីតុណ្ហភាពឡើងដល់ ៤៩អង្សាសេ នៅទីក្រុង Los Angeles កាលពីថ្ងៃអាទិត្យ។ កាលពីថ្ងៃច័ន្ទមន្ត្រីនៅតំបន់ជាយក្រុង Los Angeles បានព្រមានថា ស្ថានភាពអាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតក្នុងរយៈពេលបីថ្ងៃខាងមុខទៀត ហើយបានជំរុញឱ្យប្រជាជនជម្លៀសចេញ ដោយនិយាយថា អគ្គិភ័យអាចរាលដាលដល់តំបន់លំនៅដ្ឋាន។ គិតមកទល់ពេលនេះអគ្គិភ័យបានឆក់យកអាយុជីវិតមនុស្ស ៨នាក់ រួចទៅហើយ និងបានបំផ្លាញសំណង់ជាង ៣,៣០០ កន្លែង៕



អត្ថបទ៖ លីដា
ប្រភព៖ NHK