លោក ដូណាល់ ត្រាំ បានសារភាពថា លោកពិតជានិយាយសម្រាលស្ថានការណ៍ជំងឺកូវីដ១៩ ដោយសារមិនចង់ឱ្យមានការភ័យស្លន់ស្លោ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានសារភាពថា លោកពិតជាបាននិយាយសម្រាលស្ថានការណ៍ជំងឺ COVID-19 ដោយសារថាលោកមិនចង់ឱ្យកើតមានភាពភ័យខ្លាយ។ សារព័ត៌មានអាមេរិកបានរាយការណ៍ ដកស្រង់ពីបទសម្ភាសន៍របស់លោក ដូណាល់ ត្រាំ ជាមួយអ្នកសារព័ត៌មានល្បីឈ្មោះ Bob Woodward និងខ្លឹមសារពីសៀវភៅរបស់គាត់ ដែលនឹងត្រូវចេញផ្សាយនៅពេលឆាប់ៗ ដោយផ្អែកលើការសន្ទនារបស់ពួកគេ។

របាយការណ៍និយាយថា ជំនួយការរបស់លោក ដូណាល់ ត្រាំ បានសង្ខេបគាត់យ៉ាងលម្អិតអំពីហានិភ័យនៃជំងឺ COVID-19 នេះនៅចុងខែមករា។ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ Woodward នៅថ្ងៃទី០៧ ខែកុម្ភៈ លោក ដូណាល់ ត្រាំ ហាក់ដូចជាដឹងថា វីរុសថ្មីនេះគឺជាការគំរាមកំហែងដល់អាយុជីវិតច្រើនជាងជំងឺផ្តាសាយធំទៅទៀត។ ប៉ុន្តែយ៉ាងណានៅក្នុងសន្និសីទសារព័ត៌មាននានា ប្រធានាធិបតីបានបន្តនិយាយថា ហានិភ័យរបស់ជំងឺគឺទាប។
នៅក្នុងបទសម្ភាសន៍មួយនៅថ្ងៃទី១៩ ខែមីនា លោក ត្រាំ បានប្រាប់ Woodward ថា គាត់មានចេតនានិយាយសម្រាលបែបនោះ ពីព្រោះគាត់មិនចង់ឱ្យមានភាពភ័យស្លន់ស្លោ ហើយលោកក៏បានបញ្ជាក់ជាថ្មីនៅថ្ងៃពុធនេះថា លោកមិនចង់ឱ្យប្រជាជនភ័យខ្លាចឡើយ។ គួរឱ្យដឹងដែរថា រដ្ឋបាលរបស់លោក ត្រាំ កំពុងប្រឈមមុខនឹងការរិះគន់ជាសាធារណ ជុំវិញការដោះស្រាយដំបូងនៃការផ្ទុះឡើងនៃជំងឺនេះ។ គូប្រជែងមកពីបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែវិច្ឆិកា លោក ចូ បាយដឹន ក៏បានរិះគន់លោក ដូណាល់ ត្រាំ ពីបទភូតកុហកដោយចេតនាមកលើប្រជាជនអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ NHK