ប្រទេសចិនបានចោទសហរដ្ឋអាមេរិកថា ជាមេបញ្ហាធំចំពោះសន្តិភាពនៅសមុទ្រចិនខាងត្បូង
រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានក្លាយជាកត្តាគ្រោះថ្នាក់បំផុត បំផ្លាញសន្តិភាពនៅសមុទ្រចិនខាងត្បូង។ លោក វ៉ាង យី បាននិយាយបែបនេះនៅឯកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសកំពូលអាស៊ីបូព៌ា ដែលបានធ្វើឡើងតាមអ៉ីនធឺណេតកាលពីថ្ងៃពុធម្សិលមិញនេះ។ លោកបាននិយាយថា សហរដ្ឋអាមេរិកបានជ្រៀតជ្រែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ចិន និងបណ្ដាប្រទេសជាសមាជិកអាស៊ាន ដើម្បីដោះស្រាយជម្លោះតាមរយៈការពិគ្រោះយោបល់ ក៏ដូចជាការប្រឈមមុខដាក់គ្នារវាងប្រទេសនៅក្នុងតំបន់។

រដ្ឋមន្ត្រីការបរទេសរូបនេះក៏បានអះអាងជាថ្មីម្តងទៀតនូវការអះអាងរបស់ចិនថា ជម្លោះទឹកដីនៅក្នុងតំបន់អាចត្រូវបានដោះស្រាយដោយប្រទេសដែលពាក់ព័ន្ធតែប៉ុណ្ណោះ។ លោកបានមានប្រសាសន៍ថា ប្រទេសចិនសង្ឃឹមថា បណ្តាប្រទេសដែលនៅក្រៅតំបន់ជម្លោះរួមទាំងសហរដ្ឋអាមេរិក នឹងអាចគោរពយ៉ាងពេញលេញនូវបំណងប្រាថ្នា និងការរំពឹងទុករបស់ប្រទេសនានានៅក្នុងតំបន់ ជំនួសឱ្យការបង្កើតភាពតានតឹង និងស្វែងរកផលចំណេញពីវា៕

អត្ថបទ៖ លីដា
ប្រភព៖ NHK