ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលរុស្ស៊ីទើបតែចុះបញ្ជីថ្ងៃមុន ពេលនេះបានចាប់ផ្ដើមការសាកល្បងដំណាក់ទី៣

    BY autoadmin September 10, 2020
    វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលរុស្ស៊ីទើបតែចុះបញ្ជីថ្ងៃមុន ពេលនេះបានចាប់ផ្ដើមការសាកល្បងដំណាក់ទី៣

    ប្រទេសរុស្ស៊ីបានចាប់ផ្តើមការសាកល្បងលើមនុស្សដំណាក់កាលទី៣ និងជាដំណាក់កាលចុងក្រោយ លើវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលខ្លួនផលិត។ ក្នុងនោះរដ្ឋាភិបាលរុស្ស៊ីគ្រោងនឹងចាត់ចែងវ៉ាក់សាំងទៅដល់បុគ្គលិកសុខាភិបាល ចាប់ពីខែវិច្ឆិកាខាងមុខនេះ។ ក្រសួងសុខាភិបាលរុស្ស៊ីបានប្រកាសកាលពីថ្ងៃពុធថា វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវជាតិហ្គាម៉ាឡាយ៉ា (Gamaleya) កំពុងត្រូវបានដាក់ឱ្យដំណើរការសាកល្បងដំណាក់កាលទី៣ នៅឯស្ថាប័នវេជ្ជសាស្ត្រមួយក្នុងទីក្រុងម៉ូស្គូ ដោយនឹងមានអ្នកស្ម័គ្រចិត្ត ៣១,០០០នាក់ ចូលរួម។

    វ៉ាក់សាំងនេះត្រូវបានគេដាក់ឈ្មោះថា «Sputnik V» ជាការឧទិសដល់ផ្កាយរណបដំបូងបង្អស់របស់ពិភពលោក ដែលអតីតសហភាពសូវៀតបានបាញ់បង្ហោះនៅឆ្នាំ១៩៥៧។ រដ្ឋាភិបាលរុស្ស៊ីបានអនុម័តវ៉ាក់សាំងនេះនៅដើមខែសីហា នៅពេលដែលវាទើបតែបញ្ចប់ដំណាក់កាលទី២ ប៉ុណ្ណោះ។ កាលនោះអ្នកស្រាវជ្រាវរុស្ស៊ីមួយចំនួនដែលចូលរួមក្នុងការអភិវឌ្ឍវ៉ាក់សាំងបានអួតថា ពួកគេបានវ៉ាដាច់សហរដ្ឋអាមេរិកចំពោះការផលិតវ៉ាក់សាំងនេះ។

    ការចុះបញ្ជីឱ្យវ៉ាក់សាំងនេះ បានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន អំពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វា ដោយពួកអ្នករិះគន់យល់ថា វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងគឺសម្រាប់គោលបំណងនយោបាយ។ ប៉ុន្តែយ៉ាងណាក្រុមស្រាវជ្រាវរុស្ស៊ីបានរាយការណ៍អំពីដំណើរការរបស់វ៉ាក់សាំង នៅក្នុងទិនានុប្បវត្តិវេជ្ជសាស្រ្តអង់គ្លេស Lancet ក្នុងខែនេះថា ការសាកល្បងព្យាបាលដំបូងបង្ហាញថា វ៉ាក់សាំងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: