ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការសហប្រជាជាតិស្នើឱ្យមានការចូលរួមផ្ដល់ថវិកាបន្ថែម សម្រាប់កម្មវិធីវ៉ាក់សាំងរបស់ WHO

    BY autoadmin September 11, 2020
    អង្គការសហប្រជាជាតិស្នើឱ្យមានការចូលរួមផ្ដល់ថវិកាបន្ថែម សម្រាប់កម្មវិធីវ៉ាក់សាំងរបស់ WHO

    អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យមានថវិកាបន្ថែមសម្រាប់កម្មវិធី «ACT Accelerator» របស់អង្គការសុខភាពពិភពលោក ដើម្បីគាំទ្រវ៉ាក់សាំង ការព្យាបាល និងការធ្វើរោគវិនិច្ឆ័យប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19។ លោក Antonio Guterres បានថ្លែងបែបនេះនៅក្នុងព្រឹត្តិការណ៍តាមអ៉ីនធឺណេតមួយ ដោយបានអំពាវនាវរកប្រាក់ចំនួន ៣៥ ពាន់លានដុល្លារបន្ថែមទៀត រួមទាំង ១៥ ពាន់លានដុល្លារ ក្នុងរយៈពេល ៣ខែទៀត។

    យោងតាមលោក Antonio Guterres បានឱ្យដឹងថា រហូតមកដល់ពេលនេះទឹកប្រាក់ប្រមាណ ៣ ពាន់លានដុល្លារ ត្រូវបានចូលរួមចំណែកក្នុងកម្មវិធី ប៉ុន្តែវាតិចជាង ១០% នៃអ្វីដែល WHO ចង់បាននៅក្នុងកម្មវិធី។ លោកបាននិយាយថា៖«ឥឡូវយើងត្រូវការថវិកាចំនួន ៣៥ ពាន់លានដុល្លារបន្ថែមទៀត រាប់ចាប់ពីការបង្កើត ទៅដល់ទំហំ និងផលប៉ះពាល់។ មានភាពបន្ទាន់នៅក្នុងតួលេខទាំងនេះ។ បើគ្មានការបញ្ចូលទឹកប្រាក់ចំនួន ១៥ ពាន់លានដុល្លារ ក្នុងរយៈពេលបីខែបន្ទាប់ពីចាប់ផ្តើមនោះ យើងនឹងបាត់បង់នូវឱកាស»។

    ចំនួនសរុបដែលកំពុងស្នើសុំគឺ ៣៨ ពាន់លានដុល្លារ ដែលលើសពីគោលដៅដែលបានផ្សាយពីមុន ដែលមានចំនួន ៣១.៣ ពាន់លានដុល្លារ និងរួមបញ្ចូលទាំងថវិកាបន្ថែមសម្រាប់ប្រព័ន្ធសុខាភិបាល បន្ថែមលើវ៉ាក់សាំង ការព្យាបាល និងការធ្វើរោគវិនិច្ឆ័យ។ រហូតមកដល់ពេលនេះការគាំទ្រផ្នែកហិរញ្ញវត្ថុមានភាពយឺតយ៉ាវ នៅពេលដែលប្រទេស ឬរដ្ឋាភិបាល រួមមានសហភាពអឺរ៉ុប អង់គ្លេស ជប៉ុន និងសហរដ្ឋអាមេរិកឈានដល់កិច្ចព្រមព្រៀងវ៉ាក់សាំងរៀងខ្លួន ដោយបង្ខំឱ្យលោក Antonio Guterres និងអគ្គនាយក WHO លោក Tedros Adhanom Ghebreyesus ត្រូវអង្វរដល់ប្រជាជាតិនានាដើម្បីចូលរួមវិភាគទាននេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: