Microsoft និយាយថាពួក Hacker របស់រុស្ស៉ី ចិន និងអ៉ីរ៉ង់ កំពុងជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក
ប្រទេសរុស្ស៊ីកំពុងព្យាយាមជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតរើសប្រធានាធិបតីអាមេរិកជាថ្មីម្តងទៀត នេះបើយោងតាមការបង្ហាញថ្មីមួយពីក្រុមហ៊ុន Microsoft ដែលក្នុងនោះរួមមានទាំងចិន និងអ៉ីរ៉ង់ផងដែរ។ ការវាយប្រហារបានកំណត់គោលដៅទាំងយុទ្ធនាការឃោសនារបស់លោក Joe Biden និងលោក ដូណាល់ ត្រាំ ក៏ដូចជាមន្ត្រី និងក្រុមដទៃទៀតដែលពាក់ព័ន្ធនឹងការបោះឆ្នោតឆ្នាំ២០២០។ ក្រុមហ៊ុន Microsoft បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«អ្វីដែលយើងបានឃើញគឺត្រូវគ្នាទៅនឹងគំរូនៃការវាយប្រហារកាលពីមុន ដែលមិនត្រឹមតែផ្តោតលើបេក្ខភាព និងបុគ្គលិកយុទ្ធនាការឃោសនាការបោះឆ្នោតប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏រកព័ត៌មានសំខាន់ៗផងដែរ»។

ក្រុមហ៊ុន Microsoft កត់សម្គាល់ថា រហូតមកដល់ពេលនេះភាគច្រើននៃការប៉ុនប៉ងពីអ្នកវាយប្រហារដែលក្រុមហ៊ុនចាប់បាន មិនបានទទួលជោគជ័យក្នុងការចូលលួចនោះទេ ហើយត្រូវបានបញ្ឈប់ដោយឧបករណ៍សុវត្ថិភាពដែលបានបង្កើតនៅក្នុងផលិតផលរបស់ Microsoft ប៉ុន្តែក្រុមដែលនៅពីក្រោយរឿងនេះនៅតែបន្ដវាយប្រហារ។ ជាឧទាហរណ៍ ក្រុមរុស្ស៊ីដែលមានឈ្មោះថា Strontium គឺជាពួក Hacker ដែលទទួលខុសត្រូវចំពោះការវាយប្រហារដូចគ្នាកាលពីឆ្នាំ២០១៦។ រហូតមកដល់ពេលនេះ Strontium បានផ្តោតលើអង្គការជាង ២០០ រួមមានយុទ្ធនាការនយោបាយ និងក្រុមដទៃទៀត ដែលមានទំនាក់ទំនងជាមួយមន្រ្តីបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ។
និយាយដល់ប្រទេសចិនវិញ ក្រុមហ៊ុន Microsoft និយាយថា ខ្លួនបានរកឃើញការវាយប្រហាររាប់ពាន់ក្នុងរយៈពេលប្រាំមួយខែចុងក្រោយពីក្រុមមួយដែលមានឈ្មោះថា «Zirconium» ។ ក្រុមនេះកំពុងផ្តោតសំខាន់លើអ្នកដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយយុទ្ធនាការប្រធានាធិបតី និងបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក ក៏ដូចជាបុគ្គលលេចធ្លោនៅក្នុងសហគមន៍កិច្ចការអន្តរជាតិ។ ក្រុមហ៊ុន Microsoft និយាយថា ខ្លួនបានកំណត់អត្តសញ្ញាណមនុស្សដែលមានទំនាក់ទំនងជាមួយសាកលវិទ្យាល័យចំនួន ១៥ និងអង្គការគោលនយោបាយចំនួន ១៨ ជាគោលដៅរបស់ Zirconium ។
ចំណែកការវាយប្រហារពីអ៉ីរ៉ង់កើតចេញពីក្រុមមួយដែលមានឈ្មោះថា «Phosphorous» ដែលក្រុមហ៊ុន Microsoft បានតាមដានជាច្រើនឆ្នាំមកហើយ។ នៅចន្លោះខែឧសភានិងមិថុនាឆ្នាំនេះ ក្រុមនេះបានព្យាយាមចូលទៅក្នុងគណនីរបស់មន្រ្តីរដ្ឋបាល និងលោក ដូណាល់ ត្រាំ ប៉ុន្តែមិនជោគជ័យនោះទេ។ យ៉ាងណាក៏ដោយ Microsoft និយាយថា ទោះបីជាខ្លួនបានគ្រប់គ្រងវាបានពិតមែន ប៉ុន្តែរដ្ឋគួរតែមានមូលនិធិសហព័ន្ធកាន់តែច្រើន ដើម្បីសន្តិសុខការបោះឆ្នោត ជាពិសេសក្នុងអំឡុងពេលមានជំងឺ COVID-19 នេះ៕



អត្ថបទ៖ លីដា
ប្រភព៖ Engadget