អន្តរជាតិ

ថៃនឹងបញ្ចប់គម្រោងផ្តល់ប្រាក់ជួយពលរដ្ឋរងគ្រោះដោយវិបត្តិជំងឺកូវីដ ១៩ ម្នាក់ ៥ ០០០ បាត នៅចុងខែនេះហើយ

BY
autoadmin
September 22, 2020

ថៃ៖ ក្រសួងហិរញ្ញវត្ថុថៃបានឲ្យដឹងថា កម្មវិធីផ្ដល់ប្រាក់ជួយសង្គ្រោះជនក្រីក្រដែលបានរងគ្រោះដោយវិបត្តិជំងឺកូវីដ ១៩ នឹងត្រូវបញ្ចប់នៅចុងខែនេះហើយ ខណៈក្រសួងបានបញ្ជាក់ថា មានពលរដ្ឋជាង ៥០,០០០នាក់ ​មិនទាន់បានទទួលយកប្រាក់ឧបត្ថម្ភនេះនៅឡើយទេ។ គួរម្លឹកជូនថា កាលពីខែ មេសា កន្លងទៅនេះ រដ្ឋាភិបាលថៃបានផ្តើមអនុវត្តគម្រោងផ្តល់ប្រាក់ជួយសង្គ្រោះពលរដ្ឋដែលបានបាត់បង់ចំណូលព្រោះវិបត្តិជំងឺកូវីដ ១៩ តាមរយៈការផ្តល់ជាប្រាក់សុទ្ធជូនពួកគាត់ម្នាក់ ៥,០០០ បាត (១៦០ ដុល្លារអាមេរិក) ក្នុងរយៈពេល ៣ ខែជាប់គ្នា ហើយពលរដ្ឋរងគ្រោះទាំងនោះមានចំនួនជាង ១៥ លាននាក់។

យ៉ាង​ណាក្តី បើយោងតាមរបាយការណ៍របស់ក្រសួងហិរញ្ញវត្ថុថៃបានបញ្ជាក់ថា រហូតមកទល់នឹងពេលនេះទឹកប្រាក់ចំនួន ៧៩.៥ ពាន់លានបាត (ជាង ២.៥៤​ ពាន់លានដុល្លារអាមេរិក) ត្រូវបានបានផ្តល់ជូនដល់ដៃពលរដ្ឋចំនួន ១៥.៣ លាននាក់ហើយ ខណៈពលរដ្ឋចំនួន ៥៦,០០០ នាក់ផ្សេងទៀតនៅមិនទាន់ទទួលបានប្រាក់របស់ពួកគាត់នៅឡើយទេ។

ចំពោះមូលហេតុនៃការខកខានមិនទាន់ទទួលបានប្រាក់នេះត្រូវបានក្រសួងអះអាងថា គឺជាបញ្ហារបស់ប្រជាពលរដ្ឋផ្ទាល់តែម្តងដោយគណនីធនាគារបស់ពួកគាត់មានបញ្ហាមិនអាចផ្ញើលុយទៅលុយបាន ហើយបញ្ហានេះទំនងកើតឡើងដោយសារចំណេះដឹងផ្នែកប្រើប្រាស់សេវាធនាគាររបស់ពួកគាត់នៅមានកម្រិត។ ដើម្បីដោះស្រាយបញ្ហានេះក្រសួងហិរញ្ញវត្ថុថៃ បានអំពាវនាវឲ្យក្រុមពលរដ្ឋដែលមិនទាន់ទទួលបានប្រាក់ទាំងនោះប្រញាប់ទៅកាន់ធនាគារដើម្បីដោះស្រាយបញ្ហាគណនីធនាគាររបស់ពួកគេឲ្យមានដំណើរការជាធម្មតាវិញ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Bangkok Post

Share This Post: