ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រយៈពេលជាង៦ខែចុងក្រោយ ស្របពេលមានវិបត្តិជំងឺកូវីដ១៩ អត្រាធ្វើអត្តឃាតនៅប្រទេសថៃបានកើនឡើងខ្ពស់ជាងមុន ២២%

    BY autoadmin September 11, 2020
    រយៈពេលជាង៦ខែចុងក្រោយ ស្របពេលមានវិបត្តិជំងឺកូវីដ១៩ អត្រាធ្វើអត្តឃាតនៅប្រទេសថៃបានកើនឡើងខ្ពស់ជាងមុន ២២%

    នាយកដ្ឋានសុខភាពផ្លូវចិត្តរបស់ប្រទេសថៃបានបង្កើតវិធីសាស្រ្តគាំទ្រមួយ ដោយមានការសម្របសម្រួលជាមួយប៉ូលីសបង្ក្រាបបទឧក្រិដ្ឋ និង Influencer តាមបណ្តាញសង្គម ដើម្បីជួយដល់អ្នកដែលមានគំនិតធ្វើអត្តឃាត បន្ទាប់ពីរបាយការណ៍ថ្មីមួយបានបង្ហាញពីការកើនឡើងនៃអត្រាធ្វើអត្តឃាតដល់ទៅ ២២% ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ។ អគ្គនាយកនៃសុខភាពផ្លូវចិត្តលោកវេជ្ជបណ្ឌិត Kiartipoom Wongrachit កាលពីម្សិលមិញ ដែលជាថ្ងៃទិវាបង្ការការធ្វើអត្តឃាតពិភពលោក បាននិយាយថា ការកើនឡើងនៃអត្រាធ្វើអត្តឃាតរបស់ប្រទេសថៃ គឺពិតជាគួរឱ្យបារម្ភខ្លាំងណាស់។

    របាយការណ៍បានបង្ហាញថា ត្រឹមរយៈពេល ៦ខែ ស្របពេលកំពុងមានការរាតត្បាតជំងឺ COVID-19 ប្រទេសថៃករណីធ្វើអត្តឃាតចំនួន ២,៥៥១ ឬ ៣.៨៩ ក្នុងចំណោមប្រជាជន ១០០,០០០នាក់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំចាស់ ដែលមានចំនួន ២,០៩២ករណី។ ទោះបីជាមានប្រព័ន្ធដែលមានស្រាប់នៅតាមបណ្ដាញសង្គមដូចជា ហ្វេសប៊ុក ដើម្បីបង្ហាញឃ្លីបអប់រំពលរដ្ឋអំពីការធ្វើបាបខ្លួនឯង ឬការធ្វើអត្តឃាតក៏ដោយ ក៏វេជ្ជបណ្ឌិត Kiartipoom បាននិយាយថា ក្រុមមន្រ្តីបានរកឃើញសញ្ញាកើនឡើងគំនិតធ្វើអត្តឃាតលើបណ្ដាញសង្គម ដូចជាសារលាចុងក្រោយ ឬគំនិតធ្វើបាបខ្លួនផ្សេងៗ។

    លោក Kiartipoom Wongrachit បាននិយាយថា ពួកគាត់ជាមនុស្សដែលមានទុក្ខសោកក្នុងចិត្ត និងត្រូវការជំនួយឱ្យបានឆាប់បំផុត។ ដូច្នេះលោកបានមានប្រសាសន៍ថា មន្ទីរបានស្នើសុំជំនួយពីប៉ូលីស ក៏ដូចជាពួក Influencer លើបណ្ដាញសង្គម ឱ្យចូលរួមដើម្បីជួយប្រជាជនទាំងនេះ រួមទាំង hotline លេខ ១៣២៣ ដើម្បីផ្តល់ការពិគ្រោះយោបល់ដល់ប្រជាជនដែលត្រូវការជំនួយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Thai PBS world, បាងកកប៉ុស្ដិ៍

    Share This Post: