ស្ត្រីម្នាក់រវល់ទៅផឹកស៊ីទុកកូន២នាក់ចោលនៅក្នុងរថយន្តរាប់ម៉ោងរហូតកូនៗស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម
ជប៉ុន៖ ស្រ្តីជាម្តាយម្នាក់បានទុកកូនតូចចំនួន ២ នាក់នៅក្នុងរថយន្តជាច្រើនម៉ោងដើម្បីទៅផឹកស៊ីយ៉ាងសប្បាយរីករាយ ហើយលទ្ធផលចុងក្រោយគឺកូនទាំង ២ នោះបានស្លាប់បាត់បង់ជីវិតព្រោះតែអត់អាហារញ៉ាំ និងមានអាការៈខ្សោះជាតិទឹកយ៉ាងខ្លាំង។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន japantoday បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Takamatsu អាណាខេត្ត Kagawa នៃប្រទេសជប៉ុន ហើយស្រ្តីជាម្តាយរូបនោះមានឈ្មោះថា Maria Takeuchi អាយុ ២៦ ឆ្នាំ ពុំមានប្រកបការងារអ្វីនោះទេ និងក្មេងរងគ្រោះទាំង ២ នាក់នោះមានម្នាក់មានឈ្មោះថា Mayuri អាយុ ៦ ឆ្នាំ និងម្នាក់ទៀតមានឈ្មោះថា Yurie អាយុ ៣ ឆ្នាំ។

រូបតំណាង
ប្រភពខាងលើបានបន្តថា ហេតុការណ៍បានកើតឡើងនៅក្នុងថ្ងៃទី ២ ខែកញ្ញា ដោយនៅម៉ោងប្រមាណជា ៩ យប់ អ្នកស្រី Maria Takeuchi បានបើករថយន្ត ទៅឈប់នៅមុខហាងមួយកន្លែង និងបានទុកកូនទាំង ២ នាក់នៅក្នុងរថយន្ត ខណៈរថយន្តបានបិទកញ្ចក់និងចាក់សោរត្រឹមត្រូវទៀតផង។ បន្ទាប់ពីបានដើរចូលទៅក្នុងហាង អ្នកស្រី Maria Takeuchi បានផឹកស៊ីស្រវឹងជោគជាំ ហើយរហូតដល់ថ្ងៃទី ៣ ខែ កញ្ញាម៉ោងប្រមាណជា ១២ និង ៤០ នាទីថ្ងៃត្រង់ទើបគាត់ត្រលប់មកដល់រថយន្តវិញ។
ពេលគាត់មកដល់រថយន្តវិញនោះ កូនទាំង ២ របស់គាត់បានសន្លប់បាត់ទៅហើយ ដោយសារតែពួកគេត្រូវអត់ចំណីអាហារជាច្រើនម៉ោង និងមានអាការៈខ្សោះជាតិទឹកយ៉ាងខ្លាំងផង ព្រោះនៅថ្ងៃទី ៣ កញ្ញានោះសីតុណ្ណភាពនៅខាងក្រៅរថយន្តបានឡើងក្តៅដល់ ៣៧,៦ អង្សាសេឯណោះ។ ក្រោយប្រទះឃើញកូនទាំង ២ ដេកសន្លប់នៅក្នុងរថយន្តដូចនេះ អ្នកស្រី Maria Takeuchi បានប្រញាប់នាំកូនទៅមន្ទីរពេទ្យ តែគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតពួកគេបាននោះទេ ហើយនៅក្នុងថ្ងៃទី ៤ ខែ កញ្ញា ពួកគេបានដាច់ខ្យល់ស្លាប់តែម្តង។ ក្រោយកើតមានហេតុការណ៍អកុសលនេះ អ្នកនាង Maria Takeuchi ត្រូវបានប៉ូលិសចាប់ខ្លួនដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ពីបទមានឥរិយាបថធ្វេសប្រហែសរហូតបង្កឲ្យមានមនុស្សស្លាប់៕

អត្ថបទ៖ ភក្តី
ប្រភព៖ japantoday