ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌូនេស៊ីរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ថ្មីច្រើនជាង ៣,០០០ករណីរយៈពេល ៦ថ្ងៃជាប់ៗគ្នា ខណៈអ្នកឆ្លងសរុបកើនជាង ២០ ម៉ឺនករណី

    BY autoadmin September 15, 2020
    ឥណ្ឌូនេស៊ីរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ថ្មីច្រើនជាង ៣,០០០ករណីរយៈពេល ៦ថ្ងៃជាប់ៗគ្នា ខណៈអ្នកឆ្លងសរុបកើនជាង ២០ ម៉ឺនករណី

    ឥណ្ឌូនេស៊ី៖ ការរាតត្បាតជំងឺកូវីដ​ ១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ីហាក់មិនទាន់មានភាពល្អប្រសើរទាល់តែសោះ ជាក់ស្តែងមានរបាយការណ៍ចុងក្រោយមួយបានបង្ហាញថា ឥណ្ឌូនេស៊ីមានតួលេខអ្នកថ្មីប្រចាំថ្ងៃច្រើនជាង ៣ ០០០ ករណី ចំនួន ៦ ថ្ងៃជាប់ៗគ្នាមកហើយ បើគិតត្រឹមថ្ងៃអាទិត្យទី ១៣ ខែ កញ្ញាម្សិលមិញនេះ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា កន្លងទៅ ឥណ្ឌូនេស៊ីបានរកឃើញអ្នកជំងឺកូវីដ​ ១៩ ​ថ្មីចំនួន ៣ ៦៣៦ ករណី និងមានអ្នកស្លាប់ថ្មីចំនួន ៧៣ ករណីផងដែរ។

    នៅចំពោះមុខស្ថានភាពអាក្រក់មួយនេះ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីបានសម្រេចជាថ្មីដោយអនុញ្ញាតឲ្យបុគ្គលិកនៅតាមបណ្តាក្រុមហ៊ុនឯកជននៅក្នុងទីក្រុងចាកាតាធ្វើការងារនៅតាមផ្ទះ ហើយចំពោះមន្រ្តីរាជការវិញក៏ត្រូវបានអនុញ្ញាតឲ្យធ្វើការងារនៅតាមប្រព័ន្ធ Online ផងដែរដើម្បីកាត់បន្ថយការជួបជុំគ្នា។ ចំពោះផ្សារនិងហាងលក់ទំនិញវិញត្រូវបានអនុញ្ញាតឲ្យបន្តបើក តែតម្រូវឲ្យមានការកាត់បន្ថយចំនួនភ្ញៀវ ៥០ % និងអនុវត្តវិធានការអនាម័យឲ្យបានត្រឹមត្រូវមុនពេលអនុញ្ញាតឲ្យភ្ញៀងដើរចូល ដូចជាតម្រូវឲ្យភ្ញៀវពាក់ម៉ាស់និងលាងដៃជាមួយទឹកអាកុលជាដាច់ខាត។

    ដោយឡែកចំពោះភោជនីយដ្ឋានវិញក៏ត្រូវបានអនុញ្ញាតឲ្យបន្តធ្វើអាជីវកម្មដែរ តែមិនត្រូវទទួលភ្ញៀវឲ្យមកអង្គុយនៅខាងក្នុងឡើយ ពោលគឺអនុញ្ញាតឲ្យមានត្រឹមតែសេវាខ្ចប់អាហារយកទៅញ៉ាំផ្ទះប៉ុណ្ណោះ។ សូមបញ្ជាក់ថា ឥណ្ឌូនេស៊ីគឺជាប្រទេសមានចំនួនអ្នកជំងឺកូវីដ​ ១៩ ច្រើនបំផុតលំដាប់ទី ២ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍បន្ទាប់ពីប្រទេសហ្វីលីពីន ដោយគិតត្រឹមពេលចុះផ្សាយនេះឥណ្ឌូនេស៊ីមានអ្នកជំងឺកូវីដ ១៩ សរុបនៅទូទាំងប្រទេសចំនួន ២១៨ ៣៨២ ករណី និងស្លាប់ចំនួន ៨ ៧២៣ ករណី៕

    អត្ថបទ៖ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: