ថៃបង្កើត“ហាងកាហ្វេយន្តហោះ” ហើយបរិយាកាស និងសេវាកម្ម ដូចលោកអ្នក អង្គុយនៅក្នុងយន្តហោះដឹកអ្នកដំណើរកម្រិត First-Class (លំដាប់ខ្ពស់)
ថៃ៖ ព្រោះតែវិបត្តិនៃជំងឺកូវីដ ១៩ ជើងហោះហើរនៅតាមបណ្តាប្រទេសជាច្រើនត្រូវបានផ្អាកជាបណ្ដោះអាសន្ន ហើយការផ្អាកនេះបានធ្វើឲ្យអ្នកដំណើរជាច្រើនដែលធ្លាប់ជិះយន្តហោះញឹកញាប់នោះនឹកបរិយាកាសនៅក្នុងយន្តហោះជាខ្លាំង។ ដោយមើលឃើញឱកាសអំណោយផលពីស្ថានជាក់ស្តែងមួយនេះ “ហាងកាហ្វេយន្តហោះ” ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសថៃ ដើម្បីអនុញ្ញាឲ្យភ្ញៀវដែលមកពិសារកាហ្វេនៅក្នុងហាងមួយនេះមានអារម្មណ៍ដូចជាពួកគេកំពុងអង្គុយនៅក្នុងយន្តហោះនៅលើអាកាសអីចឹងដែរ។

បើតាមការផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post បានឲ្យដឹងថា “ហាងកាហ្វេយន្តហោះ” បានបង្ហាញរូបរាងនៅតាមតំបន់ឆ្នេរសមុទ្រក្នុងទីក្រុងបាតាយ៉ា ប្រទេសថៃ។ ហាងកាហ្វេមួយនេះត្រូវបានគេរចនាឡើងដោយយកយន្តហោះដឹកអ្នកដំណើរចាស់ៗមកកែលម្អឡើយវិញ ដោយបំពាក់នូវកៅអីអង្គុយដូចកៅអីនៅក្នុងយន្តហោះ មានអ្នកបម្រើស្លៀកពាក់និងតែងខ្លួនដូចជាក្រុមអ្នកបម្រើការងារនៅលើយន្តហោះ ហើយសេវាកម្មនិងបរិយាកាសនៅក្នុងហាងកាហ្វេនេះគឺដូចគ្នានឹងបរិយាកាសដែលលោកអ្នកអង្គុយនៅក្នុងយន្តហោះដឹកអ្នកដំណើរកម្រិត First-Class (លំដាប់ខ្ពស់) ផងដែរ។
ប្រភពខាងលើបានបន្តថា ហាងកាហ្វេនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋថៃ ព្រោះវាបានផ្តល់នូវបរិយាកាសពិសេសមួយលើសពីការទៅញ៉ាំការហ្វេនៅក្នុងហាងទូទៅ ហើយអតិថិជនដែលនិយមទៅហាងកាហ្វេនេះក៏មានទាំងអ្នកមិនធ្លាប់មានបទពិសោធន៍ជិះយន្តហោះផងដែរ ព្រោះពួកគេចង់ទៅទទួលយកបរិយាកាសជិះយន្តហោះលំដាប់ខ្ពស់ដោយគ្រាន់តែចំណាយប្រាក់ទៅញ៉ាំកាហ្វេមួយកែវប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Bangkok Post