អន្តរជាតិ

និសិ្សតមានជំងឺមហារីកម្នាក់ត្រូវបានសាកលវិទ្យាល័យដ៏ល្បីរបស់ប្រទេសថៃយកសញ្ញាប័ត្រទៅប្រគល់ជូនដល់មន្ទីរពេទ្យតែម្តង ព្រោះនាងមិនអាចចេញពីមន្ទីរពេទ្យបាន

BY
autoadmin
September 21, 2020

ថៃ៖ ការចូលរួមក្នុងកម្មវិធីចែកសញ្ញាប័ត្រគឺជាក្តីស្រមៃរបស់និស្សិតគ្រប់រូប ព្រោះថ្ងៃដ៏ពិសេសនេះជាភស្តុតាងមួយបង្ហាញឲ្យឃើញពីសមិទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ពួកគេហើយនិស្សិតគ្រប់រូបក៏អាចថតរូបទុកជាអនុស្សាវរីយ៍សម្រាប់បង្ហាញដល់មនុស្សជំនាញក្រោយរបស់ពួកគេផងដែរ។ ព្រោះភាពសំខាន់នៃថ្ងៃពិសេសនេះហើយ ទើបកម្មវិធីចែកសញ្ញាប័ត្រមួយត្រូវបានគេប្រទះឃើញរៀបចំឡើងនៅក្នុងមន្ទីរពេទ្យដើម្បីប្រគល់ជូនជាពិសេសចំពោះនិស្សិតម្នាក់ដែលមានជំងឺមហារីកនិងមិនអាចទៅចូលរួមកម្មវិធីនៅឯសាកលវិទ្យាល័យបាន។

បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post បានឲ្យដឹង និស្សិតរូបនេះមានឈ្មោះថា Asama Putto ភេទស្រី អាយុ ២៤ ឆ្នាំ ហើយរូបនាងទើបបញ្ជាប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រដោយជោគជ័យពីសាកលវិទ្យាល័យ ជូឡាឡុងកន ដែលជាសកលវិទ្យាល័យឈានមុនមួយនៅក្នុងប្រទេថៃ។

តាមគម្រោងយុវតី Asama Putto ត្រូវទៅចូលរួមកម្មវិធីចែកសញ្ញាប័ត្រនៅក្នុងថ្ងៃទី ១-២ ខែ ​តុលាខាងមុខនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រី Maha Chakri Sirindhorn តែដោយសារនាងមានជំងឺមហារីកធ្ងន់ធ្ងរ ឪពុកម្តាយរបស់នាងបានជូនដំណឹងទៅកាន់សាកលវិទ្យាល័យថា នាងនឹងមិនអាចបង្ហាញខ្លួនទៅក្នុងកម្មវិធីឡើយ ព្រោះនាងត្រូវសម្រាកព្យបាលជំងឺមហារីកនៅឯមន្ទីរពេទ្យ។

បន្ទាប់ពីទទួលបានដំណឹងនេះ ខាងសាលក វិទ្យាល័យក៏បានរៀបចំកម្មវិធីពិសេសមួយសម្រាប់នាងគឺថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យទាំងអស់នេះបាននាំគ្នាយកសញ្ញាប័ត្រទៅប្រគល់ជូននាងដល់ក្នុងមន្ទីរពេទ្យតែម្តង។  យុវតី Asama Putto  បានឲ្យដឹងថា កម្មវិធីពិសេសនេះបានធ្វើឲ្យនាងសប្បាយចិត្តបំផុត ហើយវាក៏ជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់រូបនាងនិងគ្រួសារនាងផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Bangkok Post

Share This Post: