អន្តរជាតិ

អឺរ៉ុបកំពុងប្រឈមនឹងរលកថ្មីនៃករណីជំងឺកូវីដ១៩ ដែលនាំឱ្យតំបន់មួយចំនួនចាប់ផ្ដើមបិទទ្វារ ខណៈទីផ្សារហ៊ុនធ្លាក់ចុះយ៉ាងគំហុក

BY
autoadmin
September 22, 2020

ទ្វីបអឺរ៉ុបកំពុងតែប្រឈមជាមួយនឹងការកើតឡើងវិញនៃករណីឆ្លងជំងឺ COVID-19 នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK ។ នៅប្រទេសអេស្ប៉ាញ មានការឆ្លងថ្មីបានកើនឡើងដល់ទៅជាង ៤,០០០ នាក់ កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ដែលបង្ខំឱ្យអាជ្ញាធរត្រូវណែនាំពីការបិទតំបន់មួយចំនួននៅក្នុង និងជុំវិញរាជធានីម៉ាឌ្រីដ។ ប៉ូលីសបានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យប្រហែល ៦០ នៅតាមដងផ្លូវចូលតំបន់មួយចំនួន ដែលតម្រូវឱ្យប្រជាជនបង្ហាញលិខិតអនុញ្ញាត្តិមុនពេលចូល ឬចាកចេញទីនោះ។

ចំណែកប្រទេសអង់គ្លេស ដែលជាប្រទេសមានការស្លាប់ដោយសារជំងឺ COVID-19 ខ្ពស់ជាងគេនៅអឺរ៉ុប ថ្មីៗនេះគេសង្កេតឃើញមានករណីថ្មីបានកើនឡើងជាង ៤,០០០ ករណីក្នុងមួយថ្ងៃ។ មន្រ្តីរដ្ឋាភិបាលអង់គ្លេសបានព្រមានថា បើគ្មានសកម្មភាពបន្តទៀតទេ ប្រទេសនេះអាចនឹងមានករណីថ្មីចំនួន ៥ ម៉ឺនករណីក្នុងមួយថ្ងៃ គិតត្រឹមពាក់កណ្តាលខែតុលា។ ពួកគេបន្ថែមថា ចំនួនករណីថ្មីទាំងនេះអាចមានន័យថា មានមនុស្សប្រហែល ២០០នាក់ ស្លាប់ក្នុងមួយថ្ងៃ ក្នុងមួយខែបន្ទាប់ពីខែតុលា។

នាយករដ្ឋមន្រ្តី Boris Johnson កំពុងសិក្សាការណែនាំអំពីវិធានការណ៍ថ្មីៗដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ហើយគាត់ចង់ចៀសវាងការចាក់សោរនៅទូទាំងប្រទេស ដែលវាអាចបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច។ ចំពេលមានការព្រួយបារម្ភអំពីការលេចចេញជាថ្មីនៃជំងឺនេះ ទីផ្សារហ៊ុននៅក្នុងទីផ្សារអឺរ៉ុបត្រូវបានគេសម្រុកលក់ចេញ បន្ទាប់ពីទីផ្សារបានបើកកាលពីថ្ងៃច័ន្ទ។ សន្ទស្សន៍ហ៊ុនរបស់ Frankfur បានធ្លាក់ចុះប្រហែល ៤.៤% ពីការបិទវគ្គមុន ហើយភាគហ៊ុននៅទីក្រុងប៉ារីសបានធ្លាក់ចុះប្រហែល ៣.៧% ខណៈទីក្រុងឡុងបានធ្លាក់ចុះ ៣.៤%៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: