អន្តរជាតិ

ចិនកាត់ទោសសេដ្ឋីអចលនទ្រព្យនិងជាអ្នករិះគន់រដ្ឋាភិបាលលេចធ្លោម្នាក់ ឱ្យជាប់គុក ១៨ឆ្នាំ ពីបទពុករលួយ និងពិន័យជាប្រាក់ជាង ៦០ម៉ឺនដុល្លារអាមេរិក

BY
autoadmin
September 22, 2020

ប្រទេសចិនបានកាត់ទោសសេដ្ឋីអចលនទ្រព្យ រេន ហ្ស៊ីជាំង (Ren Zhiqiang) ឱ្យជាប់ពន្ធនាគាររយៈពេល ១៨ឆ្នាំ ពីបទពុករលួយ បន្ទាប់ពីគាត់មានជាប់ទាក់ទងនឹងអត្ថបទរិះគន់លើប្រធានាធិបតីចិនលោក ស៊ី ជិនពីង អំពីការផ្ទុះឡើងនៃជំងឺ COVID-19 ។ តុលាការនៅក្រុងប៉េកាំងបាននិយាយថា អតីតប្រធានក្រុមហ៊ុន Huayuan Property Co ត្រូវបានផ្តន្ទាទោសនៅថ្ងៃអង្គារនេះផ្ទាល់ បន្ទាប់ពីបានសារភាពកំហុសចំពោះការចោទប្រកាន់ចំនួន ៤ រួមមានអំពើពុករលួយ និងការរំលោភអំណាច។ លោកត្រូវបានគេរកឃើញថា បានប្រមូលប្រាក់សំណូកចំនួន ១៣២ លានយ័ន (១៩លានដុល្លារ) និងផលប្រយោជន៍ផ្ទាល់ខ្លួន ក្នុងចន្លោះឆ្នាំ២០០៣ និង ២០១៧ ហើយលោកបានយល់ព្រមមិនប្តឹងឧទ្ធរណ៍បន្ដឡើយ។

ការចោទប្រកាន់នេះក៏រួមបញ្ចូលការខាតបង់សេដ្ឋកិច្ចប្រហែល ១១៧ លានយ័ន នៅតាមក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋ ប៉ុន្តែមិនច្បាស់ថាប៉ុន្មាននោះទេ ដោយសារមិនមានព័ត៌មានលម្អិតបទល្មើសទាំងនោះ។ លោក រេន ហ្ស៊ីជាំង ត្រូវបានពិន័យជាប្រាក់ចំនួន ៤.២ លានយ័ន (ប្រមាណ ៦១០,០០០ដុល្លារអាមេរិក)។ ការជាប់ពន្ធនាគារមានរយៈពេលយូរខុសពីធម្មតា បើទោះបីជាអំពើពុករលួយក្រោមយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់លោក ស៊ី ជិនពីង តម្រូវឱ្យកាត់ទោសប្រហារជីវិតក៏ដោយ។ ប្រសិនបើគាត់បានទទួលទោសនោះគ្រប់ចំនួនឆ្នាំ មានន័យថាលោក រេន ហ្ស៊ីជាំង អាយុ ៦៩ឆ្នាំ នឹងមានអាយុប្រហែល ៨៧ឆ្នាំ នៅពេលគាត់ត្រូវបានគេដោះលែងវិញ៕

អត្ថបទ៖ លីដា
ប្រភព៖ Bloomberg

Share This Post: