ញាក់សាច់! រកឃើញស្រោមអនាម័យ មួយទឹកៗដែលគេប្រើរួច ជាង៣២ម៉ឺនស្រោម ត្រូវបានគេយកទៅកែច្នៃ ដើម្បីដាក់លក់ឡើងវិញ
វៀតណាម៖ យោងតាមសារព័ត៌មាន Baobacgiang ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា កម្លាំងជំនាញនៃខេត្ត Bình Dương បានចុះឆែកឆេររកឃើញផ្ទះកែច្នៃមួយ ដែលធ្វើការកែច្នៃស្រោមអនាម័យចាស់ៗប្រើរួច ប្រមាណជា ៣២៤,០០០ស្រោម។ ក្នុងនោះនាយកដ្ឋានគ្រប់គ្រងទីផ្សារខេត្តបានជូនដំណឹងថា ទីតាំងបានកែឆ្នៃស្រោមអនាម័យដែលគេប្រើរួច ដោយគ្មានការវេចខ្ចប់ ឬស្លាកសញ្ញាត្រឹមត្រូវនោះទេ។ នាយកដ្ឋានក៏បានឱ្យដឹងដែរថា នៅថ្ងៃទី១៩ ខែកញ្ញា ក្រុមការងារគ្រប់គ្រងទីផ្សារលេខ៤ បានសម្របសម្រួលជាមួយប៉ូលីសក្នុងតំបន់ ហើយបានចុះត្រួតពិនិត្យផ្ទះកែច្នៃមួយនោះ ដែលមានទីតាំងស្ថិតនៅក្រុម៤ ផ្លូវ DX១២ សង្កាត់ Tân Vĩnh Hiệp ទីប្រជុំជន Tan Uyen នៃខេត្ត Binh Duong ។

ម្ចាស់ទីតាំងត្រូវបានគេដឹងថា ជាស្រ្តីមានអាយុ ៣៣ឆ្នាំ មកពីខេត្ត Nghe An ហើយតែងតែប្រមូលស្រោមអនាម័យគេប្រើប្រាស់រួច យកមកកែឆ្នៃដោយគ្មានការវេចខ្ចប់ និងម៉ាកសញ្ញាត្រឹមត្រូវនោះទេ។ ស្ត្រីម្នាក់នោះបានសារភាពថា ស្រោមអនាម័យរបស់គាត់ គឺទិញមកពីគេដោយមិនដឹងប្រភពនោះទេ ហើយរៀងរាល់ដើមខែគាត់នឹងប្រមូលពួកវាមកធ្វើការកែច្នៃ និងលក់វាបន្ដទៀត។ នៅក្នុងការចុះឆែកឆេរនេះទីតាំងនេះ ក្រុមមន្ត្រី និងប៉ូលីស បានរឹបអូសបានស្រោមអនាម័យសរុបចំនួន ៣២៤,០០០ ដែលស្មើនឹង ៣៦០គីឡូក្រាម ហើយបានបញ្ជូនវាទៅកាន់នាយកដ្ឋាន ដើម្បីធ្វើការស៊ើបអង្កេតស្រាវជ្រាវរកប្រភពរបស់ស្រោមបន្ដទៀត៕


អត្ថបទ៖ លីដា
ប្រភព៖ Baobacgiang