ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឡើងវិញ ថៃគ្រោងកាត់បន្ថយចំនួនថ្ងៃដែលអ្នកដំណើរត្រូវធ្វើចត្តាឡីស័កពី ១៤ថ្ងៃមកសល់ត្រឹម ៧ថ្ងៃ
ថៃ៖ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យត្រលប់មកកាន់ប្រទេសខ្លួនវិញ រដ្ឋាភិបាលថៃគ្រោងនឹងធ្វើការកាត់បន្ថយចំនួនថ្ងៃដែលអ្នកដំណើរត្រូវធ្វើចត្តាឡីស័កពី ១៤ ថ្ងៃ មកសល់ត្រឹម ៧ ថ្ងៃប៉ុណ្ណោះ។ បើតាមលោក Phiphat Ratchakitprakarn រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងកីឡាថៃបានឲ្យបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា គម្រោងខាងលើនេះនឹងត្រូវផ្ដើមអនវុត្តនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ ហើយការសម្រេចមួយនេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរថៃបានមើលឃើញថា នាពេលកន្លងមកនេះមានអ្នកដំណើរមកលេងនៅក្នុងប្រទេសថៃតិចតួចប៉ុណ្ណោះដែលត្រូវបានធ្វើតេស្តរកឃើញជំងឺកូវីដ ១៩ ។

ទោះបីជារយៈពេលធ្វើចត្តាឡីស័កត្រូវបានកាត់បន្ថយមែន តែភ្ញៀវទេសចរត្រូវបានបញ្ជូនទៅកាន់សណ្ឋាគារដែលរដ្ឋាភិបាលត្រៀមទុក ដើម្បីធ្វើតេស្តចំនួន២ប្រភេទ ដើម្បីធានាថាមិនមានកូវីដ១៩។ លោក Phiphat បានបញ្ជាក់ទៀតថា ប្រសិនក្រុមភ្ញៀវទេសចរចំនួន ៥ ឬ៦ក្រុមដំបូង ដែលចូលមកលេង ហើយមានតេស្តវិជ្ជមានកូវីដ១៩ នោះគម្រោងការធ្វើចត្តាឡីស័កនេះនឹងត្រូវពន្យាពេលទៀត
គួរម្លឹកជូនថា បន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ ១៩ បានធូរស្បើយបន្តិចថៃបានសម្រេចបើកឲ្យមានសកម្មភាពទេសចណ៍ក្នុងប្រទេសខ្លួនឡើងវិញ គឺថៃបានអនុញ្ញាតឲ្យមានភ្លៀវទេសចរណ៍អន្តជាតិត្រឹម ៣០០ នាក់ប៉ុណ្ណោះក្នុងមួយសប្តាហ៍ចូលមកក្នុងប្រទេសខ្លួន ដោយអ្នកដំណើរទាំងនោះត្រូវទទួលបានទិដ្ឋការពិសេសមួយពីសំណាក់រដ្ឋាភិបាលថៃ និងត្រូវស្នាក់ក្នុងសណ្ឋាគារដែលមានការអនុវត្តពីរដ្ឋាភិបាលថៃផងដែរ។ សូមបញ្ជាក់ជូនផងដែរថា គម្រោងកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កខាងលើនេះគឺគ្រាន់តែជាដំណាក់កាលសាកល្បងមួយប៉ុណ្ណោះ ហើយប្រសិនបើគម្រោងនេះមានប្រសិទ្ធភាពគេនឹងបន្តអនុវត្តរហូតទៅ តែបើវាគ្មានប្រសិទ្ធភាពនោះទេគេនឹងត្រលប់មកអនុវត្តការធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃវិញផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ coconuts