បុរសឥណ្ឌាម្នាក់កុហកប្រពន្ធថា ខ្លួនឆ្លងកូវីដ១៩ ហើយចង់ស្លាប់ លុះ២ខែក្រោយមក ត្រូវបានគេរកឃើញនៅផ្ទះស្រីស្នេហ៍
មនុស្សសម័យនេះអាចប្រើជំងឺ COVID-19 ធ្វើជាលេស ដើម្បីគេចវេះទំនាក់ទំនងសង្គមណាមួយបាន ឬសូម្បីជាមួយដៃគូខ្លួនឯងក៏ដោយ។ ជាក់ស្ដែងដូចជាក្នុងករណីគួរឱ្យហួសចិត្តមួយនេះ គឺបុរសអាយុ ២៨ឆ្នាំម្នាក់ មកពីប្រទេសឥណ្ឌា បានចាកចេញពីផ្ទះខ្លួនឯង ក្រោយប្រាប់ប្រពន្ធថា ខ្លួនបានឆ្លងជំងឺ COVID-19 ។ បុរសនោះប្រាប់ប្រពន្ធថាខ្លួនចង់ស្លាប់ ប៉ុន្តែក្រោយមកបែរជាត្រូវគេរកឃើញនៅផ្ទះស្រីស្នេហ៍ទៅវិញ។

យោងតាមសារព័ត៌មាន Khaleej Times បាននិយាយថា បុរសនោះមកពី Navi Mumbai ហើយបានបាត់ខ្លួនកាលពីថ្ងៃទី២៤ ខែកក្កដា។ គាត់បានទូរស័ព្ទទៅប្រពន្ធរបស់គាត់ ហើយប្រាប់ថា គាត់បានតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ហើយថាគាត់មិនអាចរស់បានទៀតទេ។ អំឡុងពេលនោះប្រពន្ធរបស់គាត់មិនទាន់បានសួរចប់ផង បុរសនោះក៏បានបិទទូរស័ព្ទបាត់។ បន្ទាប់មកស្ត្រីជាប្រពន្ធបានទាក់ទងបងប្រុសរបស់នាងដើម្បីសុំជំនួយ ហើយបានដាក់ពាក្យបណ្តឹងចំពោះការបាត់ខ្លួនប្ដីនេះ។
ក្រោយមកប៉ូលីសបានរកឃើញម៉ូតូ មួកសុវត្ថិភាព កាបូប និងកូនសោរ របស់បុរសនោះ នៅផ្លូវមួយក្នុងតំបន់ Vashi Sector 17 ប៉ុន្តែបុរសនោះមិនត្រូវបានគេរកឃើញទេ។ ប៉ូលីសបានព្យាយាមស្វែងរកបុរសនោះតាមពាក្យបណ្ដឹងរបស់ប្រពន្ធ ទៅតាមអ្វីដែលអាចធ្វើបាន មានទាំងការពិនិត្យកាមេរ៉ាសុវត្ថិភាព ឆែកទីតាំងហៅទូរស័ព្ទជាដើម។ ក្រោយមកគេបានរកឃើញថា គាត់បានហៅទូរស័ព្ទចេញ ១០០ដង ហើយមាន ២ដង ហៅទៅប៉ូលីស ដែលគេសង្ស័យថាអាចជាករណីប្លន់។
យ៉ាងណាក៏ដោយក្រោយពីធ្វើការស៊ើបអង្កេតបន្ថែមទៀត ប៉ូលីសបានរកឃើញថា បុរសនោះមានស្រីស្នេហ៍ ហើយបានចាប់ផ្តើមស្វែងរកគាត់។ ការស្រាវជ្រាវអស់រយៈពេលមួយខែបានបង្ហាញថា បុរសនោះបានធ្វើដំណើរទៅ Indore ចម្ងាយប្រហែល ៥៨២ គីឡូម៉ែត្រពី Navi Mumbai ។ បន្ទាប់មកក្រុមមួយត្រូវបានបញ្ជូនទៅរកមើលបុរសនោះ ហើយបានរកឃើញគាត់កំពុងរស់នៅជាមួយស្រីស្នេហ៍ទីនោះ។ បុរសនោះត្រូវបាននាំត្រឡប់មកទីក្រុង Mumbai វិញនៅថ្ងៃទី១៥ ខែកញ្ញា៕

រូបតំណាង

អត្ថបទ៖ លីដា
ប្រភព៖ World Of Buzz