ចិននិយាយថា WHO គាំទ្រប្រទេសខ្លួននៅក្នុងការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ទាំងការសាកល្បងមិនទាន់បញ្ចប់
មន្ត្រីសុខាភិបាលចិនបាននិយាយកាលពីថ្ងៃសុក្រថា អង្គការសុខភាពពិភពលោក (WHO) បានគាំទ្រដល់ការសម្រេចចិត្តរបស់ប្រទេសចិន ក្នុងការចាក់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 សម្រាប់អ្នកដែលមានហានិភ័យខ្ពស់កាលពីខែកក្កដាឆ្នាំនេះ ខណៈពេលដែលការសាកល្បងព្យាបាលកំពុងដំណើរការនៅឡើយ។ មន្ត្រីគណៈកម្មាធិការសុខភាពជាតិលោក Zheng Zhongwei បាននិយាយថា ប្រទេសចិនបានចាប់ផ្តើមកម្មវិធីបន្ទាន់របស់ខ្លួននៅក្នុងខែកក្កដា ដោយបានទាក់ទងជាមួយអង្គការសុខភាពពិភពលោក (WHO) នៅចុងខែមិថុនា។

លោកបាននិយាថា បុគ្គលិកពេទ្យចាំបាច់រាប់រយរាប់ពាន់នាក់ និងក្រុមមនុស្សដែលត្រូវបានគេចាត់ទុកថាមានហានិភ័យខ្ពស់ ត្រូវបានចាក់វ៉ាក់សាំងប្រឆាំងមេរោគនេះ ហើយលោកបានបញ្ជាក់ទៀតថា វ៉ាក់សាំងដែលប្រទេសចិនប្រើក្នុងកម្មវិធីបន្ទាន់នេះគឺមានសុវត្ថិភាពខ្ពស់។ យ៉ាងណាក៏ដោយសុវត្ថិភាពរបស់វ៉ាក់សាំងអាចត្រូវបានធានា ប៉ុន្តែប្រសិទ្ធភាពរបស់វាមិនទាន់ត្រូវបានកំណត់នៅឡើយទេ។ រំលឹកដែរថា WHO កាលពីដើមខែនេះក៏បាននិយាយដែរថា ការប្រើវ៉ាក់សាំងបន្ទាន់គឺជាដំណោះស្រាយបណ្តោះអាសន្នប៉ុណ្ណោះ ហើយដំណោះស្រាយពិតប្រាកដគឺទាល់តែវ៉ាក់សាំងឆ្លងកាត់ដំណាក់កាលទី៣៕


អត្ថបទ៖ លីដា
ប្រភព៖ CGTN